កណ្តាលៈ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់រដូវកាន់បិណ្ឌហើយ បែរកូនប្រុសរមិលគុណម្នាក់ បានលើកដៃយកដំបងឈើវាយឪពុកបង្កើតរបស់ខ្លួនហូរឈាមជោគក្បាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះជាឪពុកនោះឈ្មោះ ស ម៉ៅ អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំណែកកូនអកតញ្ញូនោះ ស សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនល្មើសដែលត្រូវជាកូនបង្កើត បានស្រវឹងស្រាបានមកសួរជនរងគ្រោះដែលត្រូវជាឳពុកបង្កើតថា ពុកមានអីសុីអត់ រួចជនរងគ្រោះបានឆ្លើយថាអស់ហើយ ភ្លាមនោះជនល្មើសបានប្រតាយប្រតប់គ្នាទៅវិញទៅមក រួចជនល្មើសបានយកដំបងឈើក្ដល់ប្រវែងប្រហែលកន្លះម៉ែត្រប៉ុនកដៃមនុស្សចាស់វាយក្បាលជនរងគ្រោះបណ្ដាលឲ្យបែកហូរឈាម បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគី ក្រោយពីទទួលពាក្យបណ្ដឹងរួច រួចកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនល្មើសបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់