ពោធិ៍សាត់ៈ នាព្រឹកថៃ្ងទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុង ទិវាអក្ខរកម្មជាតិ អន្តរជាតិ ០៨ កញ្ញា លើកទី១៦ ក្រោមប្រធានបទ «អក្ខរកម្មជួយបង្កើនសេដ្ឋកិច្ចគ្រួសារ» ដែលបានប្រារព្ធធ្វើនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ARNE LEMAISTRE ប្រធានអង្គការ UNESCO និងលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងស្ថាប័នដែលមានការពាក់ព័ន្ធ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ សិស្សានុសិស្ស និងក្រុមយុវជនស្ម័គ្រចិត្តយ៉ាងច្រើនកុះករ។
ក្នុងពិធីនេះដែរ លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងថាអក្ខរកម្ម ជាគន្លឹះនៃការអភិវឌ្ឍ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញឲ្យមានអត្រាអក្ខរកម្មខ្ពស់ ក្នុងស្រទាប់ប្រជាពលរដ្ឋប្រទេសយើង។
គួរបញ្ជាក់ថាអក្ខរកម្មជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ ឲ្យមានការរីកចម្រើនគ្រប់ផ្នែក គ្រប់វិស័យ ហើយវាក៏ជាគន្លឹះដ៏សំខាន់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋយើងផងដែរ។ ការប្រារព្ធទិវានេះឡើង គឺជាការក្រើនរំលឹក និងជំរុញឲ្យអក្ខរកម្មខ្ពស់ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាយើង។
នៅក្នុងឱកាសនោះ ក៏មានកម្មវិធីប្រគល់រង្វាន់ ដល់សិស្សអក្ខរកម្មរៀនពូកែ ជាប់ចំណាត់ថ្នាក់លេខ១ ចំនួន ៣០នាក់ផងដែរ ៕
មតិយោបល់