ព័ត៌មានជាតិ

មន្ត្រីរដ្ឋាភិបាល ស្នើឲ្យមានការយកចិត្តទុកដាក់ គ្រប់គ្រងថែរក្សាតំបន់អភិរក្ស ធនធានធម្មជាតិ

ភ្នំពេញ: មន្ត្រីប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ សហគមន៍ និងផ្នែកឯកជន ត្រូវចូលរួមយ៉ាងសកម្ម ដើម្បីធ្វើការថែរក្សាការពារ និងគ្រប់គ្រងសម្បត្តិ ធម្មជាតិ ប្រកបទៅដោយភាពជោគជ័យ នៅព្រឹកថ្ងៃទី២៥ មេសា ២០១៦នេះ។

ថ្លែងក្នុងពិធីសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការដាក់បញ្ចូលព្រៃឡង់ ព្រៃក្រឡាញ់ខាងត្បូង ព្រៃព្រះរកា ព្រៃសៀងប៉ាងខាងលិច និងព្រៃវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ លោក ចាយ សាមិត្ត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថានបានឲ្យដឹថា ការរៀបចំបង្កើតតំបន់ការពារធម្មជាតិ គឺជាកិច្ចការមួយរបស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការថែរក្សាការពារ និងគ្រប់គ្រង គឺទាមទារឲ្យទាំងអស់គ្នា ចូលរួមយ៉ាងសកម្ម ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សហគមន៍ និងផ្នែកឯកជន ទើបយើងទទួលបានជោគជ័យ។

លោកបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានចូលរួមចំណែកក្នុងការការពារ អភិរក្សធម្មជាតិ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ក្នុងនោះថ្នាក់ជាតិ បានបង្កើតតំបន់ការពារធម្មជាតិ និងការគ្រប់គ្រងជាទូទៅដូចជា ថ្នាក់តំបន់ពិសេស ជាមួយបណ្តា ប្រទេសអាស៊ាន រួមមាន៖ ការអភិរក្សជីវៈចម្រុះអាស៊ាន ការបង្កើតបេតិកភណ្ឌឧទ្យានជាតិអាស៊ាន ការអភិរក្សដីមមោក និងការបំពុលផ្សែងអ័ព្ទ ឆ្លងដែន។ លោកបន្តថា ដោយឡែកថ្នាក់អន្តរជាតិវិញ រួមមាន ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៃអនុសញ្ញាសហប្រជាជាតិ ស្តីពីការ ប្រែប្រួលអាកាសធាតុ អនុសញ្ញាជីវៈចម្រុះ ការប្រយុទ្ធប្រឆាំងវាលរហោសដ្ឋាន អនុសញ្ញារ៉ាមសារ។ល។

ការរៀបចំ និងការបង្កើតតំបន់ការពារធម្មជាតិ ក៏ដូចជាការថែរក្សាការពារ តំបន់ការពារធម្មជាតិ គឺមានកត្តាជាច្រើន ក្នុងនោះមានកត្តាសំខាន់ៗ រួមមាន៖ កត្តាសន្តិភាព ស្ថេរភាព កត្តាភាពក្រីក្ររបស់ប្រជាជន កត្តាចូលរួម និងការយល់ដឹង របស់ សាធារណៈជន ជាដើម។ ជាមួយនឹងការចង្អុលបង្ហាញរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានយកចិត្តទុកដាក់ លើការពង្រឹង សមត្ថភាព ដល់មន្ត្រី អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស ធម្មជាតិ និងឧទ្យានុរក្ស លើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបានរៀបចំឡើង ជាបន្តបន្ទាប់ តាមរយៈការហ្វឹកហ្វឺន បណ្តុះបណ្តាល ទាំងផ្នែកសមត្ថភាពជំនាញ។

ជារួម ការបង្កើតតំបន់ការពារធម្មជាតិថ្មី ទាំង ៥កន្លែង ទៀតនេះ គឺសបញ្ជាក់ពីការខិតខំ និងយកចិត្តទុកដាក់ និងដឹកនាំដ៏ឈ្លាសវៃរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងការការពារអភិរក្ស ធនធាន ធម្មជាតិ ជីវៈចម្រុះ ដើម្បីបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយ និងចូលរួមចំណែក ក្នុងការថែរក្សាលំនឹងបរិស្ថាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក ពិសេសចូលរួមចំណែក ក្នុងការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ ផងដែរ៕

photo_2016-04-25_13-43-04 photo_2016-04-25_13-43-06 photo_2016-04-25_13-43-08

មតិយោបល់