ភ្នំពេញ: ក្រុមអង្គការសង្គមស៊ីវិល ដែលចូលរួមធ្វើការទាក់ទងទៅនិងការការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា បានសម្តែងនូវការសាទរ ចំពោះការដាក់បញ្ចូលព្រៃឡង់ ព្រៃក្រវ៉ាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃជាតំបន់ការពារធម្មជាតិ។
លោក ស្រី រីបែការ ប្វិក តំណាងទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានថ្លែងថា “នេះជាការធ្វើកំណែទម្រង់ដ៏ធំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមនិងស្ថាប័ន អង្គភាព និងប្រទេសដៃគូរមួយចំនួន បានខិតខំប្រឹងប្រែងការពារព្រៃឈើ និងធនធានធម្មជាតិនៅកម្ពុជា ដោយដាក់បញ្ចូលជាតំបន់ការពារ។
លោកស្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំការពារនេះបើទោះជាឆ្លងតាមការអង្កេតកន្លងមកធនធានព្រៃឈើ នៅកម្ពុជាបានរងនូវ ការកាប់ទន្រ្ទាន ពិសេសព្រៃក្នុងតំបន់អភិរក្ស ដែលមានទំហំរាប់ម៉ឺនហិកតាក៏ដោយ។ យ៉ាងណាលោកស្រីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីដាក់បញ្ចូលទៅក្នុងតំបន់ការពារធម្មជាតិនេះទៅព្រៃឈើកម្ពុជាដែលនៅសេសសល់នឹងមានពណ៌ខៀវ ស្រង៉ាត់ស្រស់បំព្រងឡើងវិញ ហើយ USAID នៅបន្តធ្វើកិច្ចការនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាតទៅទៀត។
លោក ចចន៍ អែងហ្ការ ឯកអគ្គរដ្ឋទូតនៃសហភាពអឺរុបប្រចាំកម្ពុជា (EU) បានថ្លែងថា តំបន់ទាំង៥ ដែលបានលើកយកមកដាក់បញ្ចូល ជាតំបន់ ការពារធម្មជាតិនាពេលនេះ សុទ្ធតែជាតំបន់មានសក្កនុពលធម្មជាតិដ៏សម្បូរបែប។ ការងារព្រៃឈើ និងការការពារធម្មជាតិ EU បានចូលរួមសហការស្ទើគ្រប់សកម្មភាពដើម្បីការពារអភិរក្សនាពេលកន្លងមក និងកំពុងបន្ត រួមជាមួយរដ្ឋាភិបាល ធ្វើកិច្ចការនេះតទៅទៀតផងដែរ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) បានសម្តែង នូវការអបអរសាទរចំពោះការគ្រប់គ្រងធនធានព្រៃឈើរបស់កម្ពុជា ដែលមានការផ្ទេរពីក្រសួងកសិកម្មទៅក្រសួងបរិស្ថាននិងពីក្រសួងបរិស្ថាន មកក្រសួងកសិកម្មវិញ ដើម្បីនិរន្តរភាពធនធានទាំងនោះ។
យ៉ាងណាលោកថា នេះមិនទាន់អាចនិយាយបានថាជាដំណើរការរីកចំរើននោះទេ យើងរង់ចាំមើលការអនុវត្តជាក់ស្តែង ព្រោះថាការអនុវត្តកន្លងមក វាទាក់ទងក្រសួងទាំងពី ថាតើមួយណាមានបញ្ហាស្មុក្រស្មាញច្រើនជាង។
ដូចនេះការដាក់បញ្ចូលជាតំបន់ការពារធម្មជាតិនាពេលនេះ អាចជម្រុញឲ្យការគ្រប់គ្រងព្រៃឈើរបស់យើងមានលក្ខណៈល្អប្រសើរ ហើយច្បាប់ត្រូបាបអនុវត្តប្រកបដោយប្រសិទ្ធភាព នៅថ្នាក់ក្រោមជាតិគ្រប់ទំរង ពិសេសសហគមន៍ដែលមានស្រាប់។
លោកមានសុទិដ្ឋិនិយមថា ក្រសួងពាក់ព័ន្ធទាំងអស់ នឹងជម្រុញក្នុងការទទួលស្គាល់ក៏ដូចជាផ្តល់សិទ្ធអំណាច ធនធានថវិកាគ្រប់គ្រាន់ ឲ្យពួកគាត់អាចចូលរួមជាសេនាធិការក្នុងការចូលរួមគ្រប់គ្រងការអភិរក្សនិងប្រើប្រាស់ធនធាន ព្រៃឈើ នៅក្នុងតំបន់ពួកគាត់បានល្អប្រសើរ។
លោកថា អង្គការសង្គមស៊ីវិលរបស់ពួកគាត់មានគោលជំហរចំនួន៥ គឺ ស្នើឲ្យមានការដាក់តំបន់និងព្រៃទាំងនោះជាប្រព័ន្ធដើម្បីឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធកាន់តែច្រើន , ចង់ឃើញព្រៃឡងនៅតែគ្របដណ្តប់លើខេត្តចំនួន៤គឺព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ ដែលមានផ្ទៃដីជាង៣០ម៉ឺនហិកតា (បើដាក់កាន់តែច្រើនរិតតែល្អ) ,ចង់ឲ្យមានសហគ្រប់គ្រង នៅក្នុងតំបន់ ដែលបានដាក់ ចំនួន៥ រវាងស្ថាប័នរដ្ឋ និងសហគមន៍ដែលមានស្រាប់។
មួយវិញទៀតលោកចង់ឲ្យរាជរដ្ឋាភិបាលបែងចែកកញ្ចប់ថវិកាមួយចំនួនធំក្នុងការផ្តល់ទៅដល់សហគមន៍មូលដ្ឋានដែលមានស្រាប់ ដើម្បីពួកគាត់មានលទ្ធភាព ចូលរួមគ្រប់គ្រងធនធានព្រៃឈើ ក៏ដូចជាចូលឧទ្យានជាតិនៅក្នុងតំបន់ និងចង់ឃើញមាន សហគ្រប់គ្រងនៅក្នុងតំបន់ព្រៃឡង គួរតែមានក្រសួងមួយគ្រប់លើគ្រប់តំបន់ទាំងតំបន់ស្នូល តំបន់ទ្រនាប់ និងតំបន់សងខាងដែលមានសហគមន៍រស់នៅ៕
មតិយោបល់