ព្រះសីហនុៈ រថយន្តឈ្នួលមួយគ្រឿង បានបោលយ៉ាងលឿនទៅព្រលះគូថរថយន្តកុងតឺន័រ កំពុងចតស្ងៀម ទាំងព្រលប់ បណ្ដាលឲ្យតៃកុងស្លាប់នៅក្នុងរថយន្ត កាលពីវេលាម៉ោង៦៖០០នាទី ព្រលប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១៩០-១៩១ ស្ថិតនៅក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រាប់ Post News មុននេះបន្តិចថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដែលបង្កដោយរថយន្តមួយគ្រឿង ម៉ាក Ssangyung (ប្រភេទរថយន្តឈ្នួល) បើកបរក្នុងទិសដៅពីផ្សារវាលរេញ ឆ្ពោះទៅខេត្តកំពត លុះដល់ចំណុចខាងលើ បានបុកពេញទំហឹងចំពីខាងក្រោយរថយន្តកុងតឺន័រ មួយគ្រឿង ដែលចតនៅចញ្ចើមផ្លូវ។
លោកស្នងការបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ពោល គឺជាអ្នកបើកបររថយន្ត ដែលគៀបជាប់នឹងក្បាលរថយន្តតែម្ដង។ បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមក្រោយ៕
មតិយោបល់