ភ្នំពេញៈ ក្នុងពិធីសម្ពោធរឿង«ចន្ទ្រា»កាលពីយប់ថ្ងៃទី៨ កញ្ញាម្សិលមិញ គេកត់សម្គាល់តារាអតីតតារាសម្ដែងជើងចាស់អ្នកនាង ស្រីតូច ចំណាន ដែលអ្នកណាក៏ស្គាល់ថា ជាជំទាវពេញសិទ្ធិរបស់អ្នកឧកញ៉ាគិត ម៉េង បានក្លាយជាភ្ញៀវកិត្តិយសដែលលេចធ្លោជាងគេយ៉ាងខ្លាំង បើធៀបនឹងតារាសិល្បៈល្បីៗដែលបានបង្ហាញវត្តមាន។ ស្ទើរតែគ្រប់តារា និងភ្ញៀវកិត្តិយសសឹងមិនមានអ្នកណាមិនតាមសង្កេតចំពោះអ្នកនាងនោះទេ ខណៈដែលជំទាវដ៏មានកិត្តិយសរូបនេះក៏ត្រូវតារាសិល្បៈរួមអាជីព និងភ្ញៀវកិត្តិយសសុំថត និងផ្ដល់ការគោរពខុសពីតារាសិល្បៈផ្សេងទៀត។
នៅក្នុងពិធីដើរលើកំរាលព្រំក្រហមដ៏អស្ចារ្យនោះ អ្នកនាងបានបង្ហាញវត្តមានក្រោយគេ ប៉ុន្តែបើក្រឡេកមើលពីការចាប់អារម្មណ៍គឺនាំមុខគេ ជាពិសេសនៅពេលដែលអ្នកនាងនៅតែមានរាងស្អាត និងសម្រស់វ័យក្មេង ក្នុងពេលដែលអ្នកនាងមានកូនឡើងមួយកន្ទេលទៅហើយក្តី។ ម្នាក់ៗសរសើរថាស្រីតូច ចំណាន ពិតជាពូកែសម្រស់ និងថែរាងឲ្យស្វែលមិនចាញ់កាលពីនៅប្រឡូកសិល្បៈមែន ទើបអ្នកនាងនៅតែក្មេង និងស្រស់ស្អាតដែលអ្នកណាក៏មើលឃើញថាអ្នកនាងនៅស្អាតមិនណយជាងតារាជំនាន់ក្រោយ។ ក្នុងសំលៀកបំពាក់ខោខ្មៅ និងអាវក្រហម អមដោយក្រែមបបូរមាត់ពណ៌ក្រហមអ្នកនាងនៅតែមើលទៅផូរផង់ និងមានសម្រស់ទាក់ទាញ។
អ្វីដែលគេកត់សម្គាល់គឺអ្នកនាងបានបង្ហាញភាពរាក់ទាក់ដោយមិនឆ្មើងឆ្មៃដូចតារាស្រីខ្លះ ដែលបានងារជាជំទាវផ្សេងទៀតនោះឡើយ ដោយគេឃើញអ្នកនាងឈរជជែកគ្នាលេងសើចយ៉ាងសាមញ្ញ និងផ្ដល់ឱកាសឲ្យអ្នកសុំថតរូបបានថតសែលហ្វីយ៉ាងរាក់ទាក់។ យ៉ាងណាមិញ មិនមានអ្នកសារព័ត៌មានណាម្នាក់ហ៊ានសុំសម្ភាសន៍អ្នកនាង ឬសុំអ្នកនាងថតរូបជាលក្ខណៈឯកជន ក្រៅពីតាមប្រមាញ់រូបអ្នកនាងជាលក្ខណៈក្រុមនោះឡើយ៕
https://youtu.be/F0PYNk6PHcE
មតិយោបល់