ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន២នាក់ដកហូតថ្នាំញៀន២កញ្ចប់និងម៉ូតូមួយគ្រឿង

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូមួយគ្រឿង ។ដែលការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩០៧ កែងផ្លូវលេខ៩៩ ក្រុម១៥ ភូមិផ្សារទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ មានឈ្មោះ ឃន ឈុនណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិភ្នៅ ឃុំត្នោតជ្រុំ ស្រុកបារាយ ខេត្តកំពង់ធំ ។ ជនសង្ស័យទី២ ឈ្មោះ ផូ ប៊ុនថេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិភ្នៅ ឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ក្រាមពណ៌ស ថ្លាចំនួន២កញ្ចប់ ជាប្រភេទម៉ាទឹកកក និងម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-5598 ។

មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ធ្វើការជិះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញសង្ស័យចំនួន២នាក់ ជិះម៉ូតូ មួយគ្រឿង ដោយមានការសង្ស័យទើបកម្លាំងសមត្ថកិច្ចយើងបានឃាត់ឲ្យឈប់ ដើម្បីធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌ស ថ្លា ២កញ្ចប់ ជាប្រភេទ ម៉ាទឹកកក នៅជាប់នឹងខ្លួនរបស់ជនសង្ស័យ ទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ តែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេទាំង២នាក់ បានទិញថ្នាំញៀននោះនៅម្តុំភូមិបឹងឈូកទល់មុខពេទ្យលោកសង្ឃ ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយក្នុងមួយកញ្ចប់មានតម្លៃ ២០,០០០រៀល និងមួយកញ្ចប់ទៀតមានតម្លៃ ៣០,០០០រៀល ដើម្បីយកទៅប្រើប្រាស់។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែ សាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់