ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើការកែសម្រួលមុខងារភារកិច្ចរវាងក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ការងារគ្រប់គ្រង និងត្រួតពិនិត្យលើតំបន់ការពារព្រៃអភិរក្សរបស់ក្រសួងបរិស្ថាន នៅមានច្រើនសម្រាប់មន្ត្រីឧទ្យានុរក្ស។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើការស្នើសុំដល់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ផ្ដល់ការគាំទ្រដល់មន្ត្រីឧទ្យានុរក្សរបស់ខ្លួន។
នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឲ្យអ្នកស្រី Polly Dunford នាយកបេសកកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងខណ:ដែលអ្នកស្រីទើបត្រូវបានតែងតាំងឲ្យមកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីវឌ្ឍនភាពការងារការពារ និងអភិរក្សធនធានធម្មជាតិ ក្រោយពីរាជរដ្ឋាភិបាលបានកែសម្រួលភារកិច្ចរវាងក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អ្នកស្រី Polly Dunford បានសម្តែងនូវការកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងការអបអរសាទរ ចំពោះសមិទ្ធផលនានា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលក្រសួងទទួលបានមកដល់បច្ចុប្បន្ន។ អ្នកស្រីក៏បានលើកឡើងនូវការបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រដល់ក្រសួងបរិស្ថាន ដើម្បីរួមចំណែកដល់ការពង្រឹង និងពង្រីកវឌ្ឍនភាពការងារបន្ថែមទៀត។
លោករដ្ឋមន្ត្រី បានស្នើឲ្យ USAID ពិចារណាផ្តល់ការគាំទ្រដល់មន្ត្រីឧទ្យានុរក្ស ដែលមានភារកិច្ចចម្បងក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេស ការកសាងសមត្ថភាពមន្ត្រីឧទ្យានុរក្ស តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗ៕
មតិយោបល់