បាត់ដំបងៈ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបវេល ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ដកហូតថ្នាំញៀនចំនួន៤៤គ្រាប់ ។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង០៥នាទីព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅចំណុចភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះធី ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅត្រង់ចំណុច ខាងលើ ។ ក្នុងនោះដែរសមត្ថកិច្ចធ្វើការដកហូតបានសារធាតុញៀនប្រភេទយ៉ាម៉ាចំនួន៤៤ គ្រាប់ ដែលជនសង្ស័យបានលាក់ទុកនៅជាប់នឹងខ្លួន រួមនិង កូនកាបូបដាក់លុយមួយផងដែរ ។
លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងដោយមានការសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្ពស់ បើកការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាជនសង្ស័យ ឈានទៅដល់ការចុះបង្ក្រាបបានជាក់ស្តែងតែម្តង ។
លោកបានបន្តថា ជនរូបនេះ គឺជាមុខសញ្ញាចែកចាយគ្រឿងញៀនមួយយ៉ាងសកម្ម ដែលកម្លាំងបានតាមដានជាយូរមកហើយ ប៉ុន្តែគ្មានឱកាសនឹងធ្វើការឃាត់ខ្លួនទាល់តែសោះ ដោយសារតែគ្មានសកម្មភាពជាក់ស្តែង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿងក្នុងការចាត់បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់វិធានការតាមផ្លូវច្បាប់ ៕



មតិយោបល់