ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ដកហូតថ្នាំ១គីឡូក្រាម

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរ:សេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានចុះបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ដោយដកហូតបានគ្រឿងញៀនចំនួន២កញ្ចប់ទម្ងន់១គីឡូក្រាម រួមជាមួយវត្ថុតាងមួយចំនួនទៀតផងដែរ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ នៅក្នុងហាងកាហ្វេមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះម្នាក់ឈ្មោះ យឹម ប៊ុន ឆាយ អាយុ២៨ឆ្នាំ ស្នាក់ក្នុងសង្កាត់បេងសាឡាង ខណ្ឌទួលគោក និងម្នាក់ទៀតឈ្មោះនុត លីណា អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

នគរបានបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ហើយមុនពេលឈានដល់ការចាប់ខ្លួន មានប្រជាពលរដ្ឋបានរាយការណ៍ដោយសម្ងាត់ទៅកាន់នគរបាលខណ្ឌដង្កោពីសកម្មភាពជនសង្ស័យទាំងនោះ។ ក្រោយពេលទទួលបានព័ត៌មាននេះហើយ លោកវរ:សេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះទៅធ្វើការបង្ក្រាបជនទាំងនោះក្នុងខណ:ដែលកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងហាងកាហ្វេខាងលើ។

ពេលនោះកម្លាំងបានដកហូតបានគ្រឿងញៀនចំនួន៥កញ្ចប់ ទម្ងន់១គីឡូក្រាម បន្ទាប់មកនគរបាលបាននាំជនសង្ស័យទាំង២នាក់ខាងលើទៅធ្វើការសាកសួរនៅប៉ុស្ដិ៍ដង្កោ រង់ចាំការកសាងសំណុរឿងចាត់ការតាមច្បាប់៕

មតិយោបល់