បន្ទាយមានជ័យៈ យោងតាមសេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ថា មានប្រជាពលរដ្ឋប្រមាណជិត១០០គ្រួសារបានផ្អើលនាំគ្នាទៅកាប់ទន្ទ្រានយកដីក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
លោក ឃូ ពៅ អភិបាលស្រុកស្វាយចេកបានប្រាប់អង្គភាព post news នៅព្រឹកមិញនេះថា ការលើកគ្នាមកកាប់ទន្រ្ទានយកដីនេះ គឺជាអំពើល្មើសនិងច្បាប់ព្រោះថា ដីចំណុចខាងលើ អាជ្ញាធរខេត្តបានដោះស្រាយគោលនយោបាយជូនទៅប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែតរួចហើយ តែគ្រាន់ថា មានបងប្អូនប្រជាពលរដ្ឋខ្លះមិនទាន់បានមកតាំងទីលំនៅ។ លោកថា ការកែនគ្នាមកដើម្បីចាប់ដី គឺអាចមានមេក្លោងនៅពីក្រោយខ្នងបំផុសបំផុល លោកនឹងរាយការណ៍ទៅថ្នាក់លើ។ លោកក៏បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋទាំងអស់ គឺនាំគ្នាមកពីភូមិមួយចំនួននៃស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយថា លោកនៅមិនទាន់ទទួលបានព័ត៌មាននេះ នៅឡើយចាំសួរទៅអាជ្ញាធរមូលដ្ឋានសិន តែមានករណីនេះមែន លោកនឹងរកអ្នកនៅពីក្រោយខ្នងក្នុងការញុះញង់នេះ៕
https://youtu.be/U8tdEGmRu5Q
មតិយោបល់