ស្ទឹងត្រែងៈ នៅសៀលម៉ោង២និង២០នាទីថ្ងៃទី១០ កញ្ញានេះ កម្លាំងអាវុធហត្ថខេត្តបានធ្វើការបង្ហាញមុខជនសង្ស័យ២នាក់ ដែលឃាត់បានខ្លួនកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចវ៉ារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងឃុំភ្លុក ស្រុកសេសានខេត្តស្ទឹងត្រែង ដោយជនសង្ស័យទាំង២នាក់ខាងលើនេះ ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន។
អាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យ ពេលដែលធ្វើសកម្មភាព គឺមានគ្នាចំនួនបីនាក់ ហើយក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យម្នាក់បានរត់គេចខ្លួនទៅខេត្តកំពង់ស្ពឺបាត់។
អាវុធហត្ថបញ្ជាក់បន្ថែមថា ចំពោះករណីឃាតកម្មខាងលើនេះ គឺជាករណីឃាតកម្មគ្រោងទុកជាមុន ព្រោះថា មុនធ្វើសកម្មភាពជនសង្ស័យបានមានទំនាស់ជាមួយថៅកែម្នាក់ ដែលជាជនជាតិចិន។
បន្ទាប់ពីមានទំនាស់នោះរួចមក ថៅកែរម្នាក់នោះបានគំរាមដេញរូបខ្លួនឲ្យឈប់ធ្វើការ។ ក្រោយមក ដោយរូបខ្លួនមានកំហឹង ទើបបណ្តាលឲ្យមានការប៉ុនប៉ងធ្វើឃាត ប៉ុន្តែមិនសម្រេច។
អាវុធហត្ថបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួចមក អាវុធហត្ថក៏បានបន្តតាមស្រាវជ្រាវរកជនសង្ស័យជាបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនទៅខេត្តកំពង់ស្ពឺផងដែរ។
ជនសង្ស័យដែលត្រូវអាវុធហត្ថឃាត់ខ្លួននោះទី១.ឈ្មោះ នួន ធា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរ។ ទី២.ឈ្មោះ ស្វាយ លីម អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរតៃកុងរថយន្តរបស់ជនជាតិចិន។ អ្នកទាំងពីរមានស្រុកកំណើតនៅភូមិច្រកស្រអែម ឃុំចំបក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនសង្ស័យមកធ្វើការនៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ឈិន យ៉ូវ អាយុ៣១ឆ្នាំ ជនជាតិចិន មានស្រុកកំណើតនៅស្រុកលាវយ៉ាង ខេត្តហ៊ូ ណាន ប្រទេសចិន ហើយត្រូវជាថៅកែរបស់ជនសង្ស័យផងដែរ។
បើតាមចម្លើយរបស់ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុ រូបខ្លួនបានយកពូថៅវាយបំបែកក្បាលជនរងគ្រោះ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន ដោយសារតែខឹងជនរងគ្រោះបណ្តេញឈប់ឲ្យធ្វើការ(តៃកុងឡាន) ក្រោយមកក៏ត្រូវអ្នកនៅក្បែរនោះយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តសៀមរាបភ្លាមផងដែរ។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ អាវុធហត្ថបានដកហូតវត្ថុតាងរួមមានកាំបិតវែងពីរដើម កាំបិតប៉័ងតោរមួយដើម ពូថៅពីរ ដែកឆាបមួយដើម និងសម្ភារៈសម្រាប់ធ្វើសកម្មភាពផ្សេងៗទៀតផងដែរ។
បច្ចុប្បន្នក្រុមជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានអាវុធហត្ថនាំខ្លួនយកសាកសួរបន្ថែមនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ដោយឡែក ជនសង្ស័យដែលកំពុងរត់គេចខ្លួន ត្រូវបានអាវុធហត្ថបន្តស្រាវជ្រាវតាមចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់