ព័ត៌មានជាតិ

អាជ្ញាធររាជធានីពន្លឿនលើការដោះស្រាយបញ្ហាស្ទះ៣យ៉ាងនៅក្នុងទីក្រុង

ភ្នំពេញ: ការកកស្ទះចរាចរណ៍ ស្ទះសំរាម និងការស្ទះទឹកនៅក្នុងរាជធានីភ្នំពេញ នៅតែជាកង្វល់យ៉ាងធំរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលទាមទារឲ្យមានដំណោះស្រាយយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។

កង្វល់ទាំងនេះត្រូវបានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ក្នុងឱកាសទទួលជំនួបជាមួយក្រុមគណ:ប្រតិភូមកពីសហរដ្ឋអាមេរិក ដែលចង់ដឹងពីដំណើរការអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ។

តំណាងក្រុមគណ:ប្រតិភូ សហរដ្ឋអាមេរិក បានឲ្យដឹងថា ពួកគេស្នាក់នៅក្នុងរាជធានីរយ:ពេល២ថ្ងៃ ដើម្បីធ្វើទេសចរណ៍ និងពិនិត្យមើលពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ បន្ទាប់ពីងើបចេញពីសង្គ្រាមជិត៤០ឆ្នាំ មកនេះ។

ក្រុមគណ:ប្រតិភូ បានវាយតម្លៃថា រាជធានីភ្នំពេញពិតជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងនៅតែរក្សាបាននូវអត្តសញ្ញាណប្រវត្តិសាស្ត្រ។

លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា បើទោះជារាជធានីភ្នំពេញមានការរីកចម្រើនក៏ពិតមែន ប៉ុន្តែក៏នៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយជាបន្ទាន់ និងជាដំណាក់កាល ហើយ ដែលត្រូវគិតគូរជាចម្បងនោះ គឺការខិតខំជំរុញឲ្យមានសេវាដឹកជញ្ជូនសាធារណ:កាន់តែច្រើន ការខិតខំដោះស្រាយបញ្ហាសំរាមដែលកំពុងមានភាពកកស្ទះ និងការខិតខំអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយ លូ ដើម្បីដោះស្រាយជំនន់ទឹកភ្លៀងនៅរដូវវស្សា។

លោក ប៉ា សុជាតិវង្ស បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ប្រព័ន្ធបង្ហូរ ជាដើម ក្នុងរាជធានីភ្នំពេញ មិនទាន់អភិវឌ្ឍន៍ ដើម្បីឆ្លើយតប ទៅនឹងកំណើនរបស់ប្រជាពលរដ្ឋ និងកំណើនយានយន្ត។ បញ្ហានេះដោយសារ រាជធានីភ្នំពេញមិនអាចលើកគម្រោងឲ្យហួសទៅនឹងខ្ទង់ចំណាយថវិកាប្រចាំឆ្នាំបានឡើយ។

លោកអភិបាល បានអះអាងថា ការអភិវឌ្ឍរបស់រាជធានីភ្នំពេញ មិនទាន់ឈានទៅដល់ការជំពាក់បំណុលធនាគារដូចនៅប្រទេស ជិតខាង និងក្នុងតំបន់មួយចំនួនឡើយ បើទោះបីត្រូវអភិវឌ្ឍន៍តាំងពីបាតដៃទទេ ក្រោយរបបសង្រ្គាម កាប់សម្លាប់ជាតិសាសន៍។

បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានប្រជាជនរស់នៅជាអចិន្ត្រៃយ៍ប្រមាណជា១,៦លាននាក់ និងមានប្រជាជនស្នាក់នៅបម្រើការងារជាង៨សែននាក់។ ដោយឡែក មធ្យោបាយដឹកជញ្ជូនតាមយានយន្ត មានប្រមាណជាង២លានគ្រឿង ក្នុងនោះមានរថយន្តជាង៤០ម៉ឺនគ្រឿង និងទោចក្រយានយន្តជិត២លានគ្រឿង កំណើនទាំងនេះ បានធ្វើឲ្យភ្នំពេញជួបប្រទះនឹងការកកស្ទះចរាចរណ៍ បន្ទុកនៃគំនរសំរាម និងបញ្ហាប្រព័ន្ធបង្ហូរទឹកចេញក្រៅក្រុង៕

photo_2016-09-27_10-02-43

photo_2016-09-27_10-02-29

photo_2016-09-27_10-02-34

photo_2016-09-27_10-02-40

photo_2016-09-27_10-02-41

មតិយោបល់