បន្ទាយមានជ័យៈ តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ មានករណីចងកសម្លាប់ខ្លួន នៅក្នុងព្រៃខាងកើតខារ៉ាអូខេ អេសផ្លាស់ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា សពឈ្មោះ ស្នា ង៉ា ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានមកធ្វើការជាកម្មករសំណង់ នឹងស្នាក់នៅកន្លែងកើតហេតុខាងលើ ប្រពន្ធឈ្មោះ យឹម សំ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានកូន១នាក់(ប្រុស)។
លោកបានឲ្យដឹងទៀតថា ជនរងគ្រោះបានយកខ្សែអង្រឹងពណ៏ខ្មៅចងភ្ជាប់នឹងដើមឈើ រួចក៏ចងកសម្លាប់ ខ្លួនតែម្ដង ហើយបើតាមការបំភ្លឺរបស់ប្រពន្ធ និងបងប្អូនជនរងគ្រោះ បានឲ្យដឹងថា នៅម៉ោង៩យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានផឹកស្រាតែម្នាក់ឯង នៅក្នុងផ្ទះ រួចក៍ដើរចេញពីផ្ទះទៅបាត់មិនដឹង មូលហេតុ។
ដោយមិនឃើញប្តីមកផ្ទះវិញ ប្រពន្ធបានដើររកជុំវិញផ្ទះ និងតាមព្រៃរបោះក្រោយផ្ទះ ស្រាប់តែប្រទះឃើញ ប្តីចងក ស្លាប់បាត់ទៅហើយ។ ករណីនេះសមត្ថកិច្ចអាវុធហត្ថកំពុងស្រាវជ្រាវ រកមូលហេតុបន្ត ហើយចំណែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់