ស្ទឹងត្រែងៈ រថយន្តហាយឡែនឌ័រ ដឹកឈើគ្រញូងមួយគ្រឿងចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តស្ទឹងត្រែង និងឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសមត្ថកិច្ចជាច្រើនកន្លែង មិនព្រមឈប់ឲ្យពិនិត្យសមត្ថកិច្ចបាញ់បែកកង់ទៅមុខលេងរួច ទើបចាប់បាន កាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដែលសមត្ថកិច្ចបង្ក្រាបជាប្រភេទរថយន្តហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-8238 ដែលជារថយន្តរបស់ឈ្មួញរកស៊ីឈើគ្រញូង តែងតែលបលួច ដឹកឈើប្រណិតប្រភេទគ្រញូងចេញពី ខេត្តព្រះវិហា ឆ្ពោះទៅ ខេត្តរតនគីរី នៅពេលយប់ជ្រៅស្ងាត់ ។
សមត្ថកិច្ច បានបន្តឲ្យដឹងទៀតថា នៅយប់កើតហេតុគេមានរថយន្តមួយគ្រឿងនេះ បានបើកយ៉ាងលឿន ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងស្រុកថាឡាបរិវ៉ាត់ និងឆ្លងកាត់ក្រុងស្ទឹងត្រែង មិនព្រមឈប់ឲ្យសមត្ថកិច្ចត្រួតពិនិត្យទេ បែរជាបន្ថែមល្បឿនបោះពួយយ៉ាងលឿន គេចពីសមត្ថកិច្ចទៅវិញ។ ក្រោយពីដល់ប៉ុស្តិ៍ត្រួតពិនិត្យត្រង់ចំណុចខាងលើ ត្រូវបានអាវុធហត្ថនៅទីនោះឃាត់ក៏មិនឈប់ឲ្យសមត្ថកិច្ចពិនិត្យដែរ នៅតែបន្ថែមល្បឿន យ៉ាងលឿន ខណៈនោះនគរបាលមូលដ្ឋានដែលប្រចាំការនៅក្បែរ នោះបានដេញតាមមិនព្រមឈប់ ក៏បានបាញ់មួយគ្រាប់បំបែកកង់ផ្នែកខាងមុខខាងស្តាំ តែគេនៅតែបន្ថែមទាំងកង់បែកល្បឿនទៅមុខ របូតសំបកកង់ចេញនៅសល់តែខ្នងកង់ បានចម្ងាយប្រមាណជា៦ទៅ៧គីឡូម៉ែត្រទៅមុខលែងរួច ទើបរថយន្តឈប់ក៏ត្រូវបានសមត្ថកិច្ចក្របួចជាប់តែម្តង។ ប៉ុន្តែម្ចាស់រថយន្តបានបើកទ្វា រត់ គេចខ្លួនបាត់ ស្រមោលបន្សល់ទុកតែរថយន្តនិងឈើគ្រញូង តែប៉ុណ្ណោះ។
បន្ទាប់ពីបង្ក្រាបរថយន្តដឹកឈើគ្រញូងនោះ រួចមក ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកកាម៉ារីបាឡែនជិះគ្នា៣នាក់ ជារថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងស្រុង គ្មានស្លាកលេខ គ្មានកៅអីក្រោយ ច្នៃសម្រាប់ដឹងឈើ ដែលគេសង្ស័យថា មករំដោះឈើពីរថយន្តដែលបង្ក្រាប ក៏ត្រូវបានសមត្ថកិច្ចឃាត់ផងដែរ។ រថយន្ដដឹកឈើខាងលើត្រូវបានសមត្ថកិច្ចយករថយន្តស្ទូច ដឹកយកមករក្សារទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ឈើបង្ក្រាប បានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ ដែលមានឈើចំនួន២៤ដុំស្មើ១ម៉ែត្រគូប៤៥៥ក្នុងនោះមានឈើនាងនួនជាង៨ផ្លាន ៕
មតិយោបល់