ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេប៉ូលិសស្រុកអូរជុំ ត្រូវកូនចៅ ប្ដឹងទម្លាក់ពីតំណែង

រតនគីរីៈ លោកអធិការស្រុកអូរជុំ ខេត្តរតនគីរី ត្រូវមន្ត្រីនគបាលក្រោមឱវាទ ចំនួន៥៥នាក់ នាំគ្នាផ្ដិតមេដៃដាក់ពាក្យបណ្ដឹងមកអភិបាលស្រុក ដើម្បីសុំឲ្យផ្លាស់ប្ដូរចេញ ដោយចោទថា បានប្រើអំណាច និងប្រព្រឹត្តិអំពើពុករលួយ។

បើតាមអាជ្ញាធរខេត្តរតនគិរីបានប្រាប់ Post News នៅរសៀលថ្ងៃទី១២ កញ្ញានេះថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦លោក ហុង គឹមសេង អធិការនគបាលស្រុកអូរជុំ ដែលមានអត្តលេខ ១៩២១២ ត្រូវបានមន្រ្តីរបស់ខ្លួនប្ដឹង ដោយពាក់ព័ន្ធអំពើពុករលួយ ទៅនឹងការបោកបញ្ឆោទយកប្រាក់ ពីកងកម្លាំងក្រោមឱវាទរបស់ខ្លួន ក្នុងម្នាក់ចាប់ពី៥០ដុល្លារ ទៅ១០០០ដុល្លារ ដោយសន្យាថា តំឡើងឋានន្ទរស័ក្តិ និងតួនាទី មិនតែប៉ុណ្ណោះថែមទាំងកឹបកេងប្រាក់ចំណូលក្នុងអង្គភាព ពោលយកលុយពីការប្រមូលធ្វើអត្តសញ្ញាណប័ណ្ណ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ អស់ចំនួន៥១លាន ៥សែន ១ម៉ឺនរៀល ដាក់ចូលក្នុងហោប៉ៅ ក្រៅពីនោះ អធិការរូបនេះ រងការចោទថា ប្រើអកប្បកិរិយាកោងកាចជេរប្រមាថ លើកងកម្លាំងក្រោមឱវាទរបស់ខ្លួន ព្រមទាំងអសកម្មក្នុងការងារ ប៉ុន្តែសកម្មតែម៉្យាង គឺការប្រមូលប្រាក់ពីបទល្មើសផ្សេងៗ។

ជុំវិញករណីបណ្ដឹងខាងលើនេះ លោក ហុង គឹមសេង អធិការនគបាលស្រុកអូរជុំមិនឆ្លើយតបនោះទេនៅរសៀលថ្ងៃទី១២ កញ្ញានេះ ដោយសារតែទូរស័ព្ទចូលត្រូវបានបិទទៅវិញ ប៉ុន្តែលោកបានប្រាប់សារព័ត៌មានក្នុងស្រុកថា រឿងនេះ មិនពិតដូចពាក្យបណ្ដឹងចោទប្រកាន់នោះទេ ព្រោះក្រុមប្រឹកក្សាវិន័យបានចុះត្រួតពិនិត្យ ស្រាវជ្រាវអស់ហើយ ហើយលោកស្នងការក៏បានហៅអ្នកដាក់ពាក្យបណ្ដឹងនោះមកអប់រំហើយផងដែរ។

ដោយឡែកលោក ងួន គឿន ស្នងការនគបាលខេត្តរតនគីរីក៏មិនអាចទំនាក់ទំនងបានដែរ ដោយសារតែទូរស័ព្ទមិនចូល ប៉ុន្តែលោកបានបំភ្លឺតបនឹងអ្នកសារព័ត៌មានក្នុងស្រុកថា បញ្ហានេះ លោកមិនទាន់ដឹងទេ ពីព្រោះលោកកំពុងឲ្យក្រុមប្រឹក្សាវិន័យធ្វើការស្រាវជ្រាវ។

បើទោះជាយ៉ាងណា ជុំវិញករណីមន្ត្រីក្រោមឱវាទដាក់ពាក្យបណ្ដឹងខាងលើ ត្រូវបានប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បន្ទាប់ពីមានកិច្ចប្រជុំសម្របសម្រួល ក្រុមប្រឹក្សាវិន័យនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦រួចមក ក្នុងអង្គប្រជុំនោះបានហាមប្រាម មិនឲ្យព័ត៌មាន និងឯកសារពាក្យបណ្ដឹងនេះ លេចឮ ដល់អ្នកសារព័ត៌មានឡើយ៕

86photo_2016-09-12_14-20-06photo_2016-09-12_14-20-14photo_2016-09-12_14-20-08photo_2016-09-12_14-20-10photo_2016-09-12_14-20-12

មតិយោបល់