រតនគិរីៈ គោញីមួយក្បាលត្រូវបានចោរលួចយកទៅកាប់ ហើយពន្លះសាច់ចែកគ្នាក្លែមស្រាក្នុងចំការមួយកន្លែងនៅស្រុកលំផាត់។
ដោយមានពាក្យបណ្តឹងនៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ របស់ជនរងគ្រោះ ឈ្មោះយ៉ូន គ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន ស្នាក់នៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។ ដែលបានដាក់ពាក្យបណ្តឹងថា គាត់បានបាត់គោញីចំនួន១ក្បាល កាលពីយប់ លុះព្រឹកឡើងទើបបានគាត់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍ឃុំសេដា ។ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងនេះរួចមក សមត្ថកិច្ចប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវរកឃើញវត្ថុតាងដូចជាសាច់គោស្រស់ៗដាក់ក្នុងឆ្នាំង ក្បាលគោមួយ ជើងគោ៤ ដែលពួកគេដាក់ក្នុងការុងស នៅក្នុងដីចំការមួយកន្លែងស្ថិតនៅភូមិ-ឃុំខាងលើ ចំណែកជនដៃដល់ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវតាមចាប់ខ្លួន យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ទាក់ទងនឹងបញ្ហានេះដែរ លោក នូ ថេ អភិបាលស្រុកលំផាត់បានប្រាប់ Post News តាមទូរស័ព្ទឲ្យដឹងថា ខណៈពេលនេះសមត្ថកិច្ចកំពុងអញ្ជើញម្ចាស់ចំការទៅសួរនាំ ហើយបើមានការវិវត្តន៍យ៉ាងណានោះ លោកនឹងប្រាប់នៅពេលក្រោយបន្តទៀត ៕



មតិយោបល់