ស្វាយរៀងៈកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតដឹកនាំដោយលោកវរៈសេនីយ៍ឯកស្រីវុត្ថាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនយុត្តិធម៌ បានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញា រក្សាទុកឫជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានចំនួន៧នាក់ ក្នុងនោះមានជនជាតិវៀតណាម៦នាក់។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត ។
បើតាមលោកវរៈនីយ៍ឯក ស្រី វុត្ថា មេបញ្ជារងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់នេះ បានធ្វើសកម្មភាពរក្សាទុក ជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅក្រុងបាវិត ត្រូវកម្លាំងយើងបង្ក្រាបបានដោយទី១មានឈ្មោះ ង្វៀន ជុងទឹង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាមមានមុខរបរអ្នកលក់កាហ្វេ មានស្រុកកំណើតនៅសង្កាត់២ ខណ្ឌប៉ិញថាញ់ ក្រុងហូជីមិញ ប្រទេសវៀតណាម។ ជនសង្ស័យទី២ឈ្មោះ ទិត្យ ថ្លៃថ្លា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិច្រកលាវ សង្កាត់បាវិត ។ជនសង្ស័យទី៣ឈ្មោះ បៀង យ៉ាងតាវ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិវៀតណាមមានមុខរបរកម្មករសំណង់ ស្នាក់នៅភូមិប៊ិនកូវ សង្កាត់ទៀងធឹង ស្រុកក្រយ៉ូវ ខេត្តតៃនិញ ។ជនសង្ស័យទី៤ឈ្មោះ សុខយ៉ាវ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ។ជនសង្ស័យទី៥ឈ្មោះ លូ វិនឡុក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាមមុខរបរជាងភ្លើងរស់នៅសង្កាត់ប៉ិនតាំង ខណ្ឌប៉ិនយ៉ីង ក្រុងហូជីមិញ ។ជនសង្ស័យទី៦ឈ្មោះ ង្វៀង អាន់តឹង ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិទី៩ សង្កាត់ឪកឺ ក្រុងហូជីមិញ និងជនសង្ស័យទី៧មានឈ្មោះ យឿង វាំងទៀង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករស្នាក់នៅភូមិអាប់មូក ឃុំអាប់ស្រុកចាន់ភូវ៉ា ខេត្តប៉ិនយឿង ប្រទេសវៀតណាម ។
ប្រភពដដែលបានបន្តទៀតថាវត្ថុតាងដែលរឹបអូសបានរួមមានម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ ទូរសព្ទ័ដៃចំនួន១គ្រឿង និងសម្ភារៈសំរាប់ប្រើប្រាស់ជក់គ្រឿងញៀនមួយចំនួនទៀតផងដែរ។ ហើយនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះកំលាំកងរាជអាវុធខេត្ត បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងនេះ ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕



មតិយោបល់