កំពង់ធំៈ ប្រជាពលរដ្ឋចំនួន៣៧៦៧នាក់ នៅខេត្តកំពង់ធំ បានទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ដែលសកម្មភាពមនុស្សធម៌នេះដឹកនាំដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងមានការចូលរួមពីអាជ្ញាធរ ខេត្ត ស្រុក ក្រុមការរងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ អង្គការ ក្រុមហ៊ុន យុវជន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនាពេលនេះ គឺជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានស្នើឲ្យសមាគមបានចុះធ្វើសកម្មភាពពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនៅទូទាំងប្រទេស។
លោកប្រធានក្រុមប្រឹក្សាភិបាលសមាគម ក៏បានថ្លែងអំណរគុណក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការនិងចូលរួមនៅក្នុងកិច្ចការមនុស្សធម៌បម្រើប្រជាពលរដ្ឋ។
លោក អ៊ុត សំអន អភិបាលនៃគណអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ក្នុងនាមអជ្ញាធរខេត្ត និងប្រជាពលរដ្ឋមានសេចក្តីសោមមនស្សរីករាយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្នុងស្រុកសន្ទុកនាពេលនេះ ដែលនេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកសូមថ្លែងអំណរគុណសកម្មភាពមនុស្សធម៌សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានចុះធ្វើសកម្មភាពពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំនេះ។
ប្រជាពលរដ្ឋដែលបានទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃបានបង្ហាញអារម្មណ៍រីករាយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្នុងស្រុកសន្ទុកនាពេលនេះ និងសូមគោរពថ្លែងអំណរគុណចំពោះសកម្មភាពដ៏ប្រពៃថ្លៃថ្លារបស់ក្រុមគ្រូពេទ្យ ដែលនេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
តាមរបាយការណ៍របស់គ្រូពេទ្យបានឲ្យដឹងថា ការពិនិត្យ និងព្យាបាលជូន ប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងខេត្តកកំពង់ធំនៅពេលនេះ បានពិនិត្យព្យាបាលជំងឺទូទៅបានចំនួន២៨២៨នាក់ ពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ បំពង់កបានចំនួន១០១នាក់ ពិនិត្យស្ត្រីដែលមានផ្ទៃពោះ និងព្យាបាលរោគស្រ្តីបានចំនួន២៤៩នាក់ វះកាត់តូចបានចំនួន១៧នាក់ វះកាត់ព្យាបាលជំងឺមាត់ធ្មេញបានចំនួន២៤២នាក់ ពិនិត្យភ្នែកបានចំនួន២៦៨នាក់ និងបញ្ជូនអ្នកជំងឺមកព្យាបាលបន្តចំនួន៩នាក់ ព្យាបាលឬសដូងបាតចំនួន២នាក់ ពិនិត្យឈាម៥១នាក់ សរុបទាំងអស់ចំនួន៣៧៦៧នាក់។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែលសមាគម TYDA ចុះធ្វើសកម្មភាពពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងខេត្ត កំពង់ធំ ដែលលើកទីមួយ គឺនៅក្នុងស្រុកបារាយណ៍ក្នុងថ្ងៃ១៤ កុម្ភៈ ២០១៥៕
មតិយោបល់