ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក០៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែ ធ្វើការឃាត់ខ្លួនក្រោយពីពួកគេទាំងនោះ ធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីម្នាក់ បានសម្រេច កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៧០ កែងផ្លូវរថភ្លើង ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ស្នា ភ័ក្រ ហៅ ភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុម៩ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ជាង ធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា មានទីលំនៅផ្ទះលេខ៩B ផ្លូវលំ ក្រុម៦ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ភារៈដែលត្រូវបានចោរឆក់នោះ កាបូបពណ៌ទឹកក្រូច នៅក្នងនោះមាន ទូរស័ព្ទដៃមួយគ្រឿង ម៉ាក Iphone 5 ពណ៌ទឹកដោះគោ និងប្រាក់ចំនួន ៣០,០០០ ម៉ឺនរៀល។
លោក ហ៊ុន ហ៊ាន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៧យប់ ជនរងគ្រោះបានជិះម៉ូតូទៅយកប្រពន្ធរបស់ខ្លួន ដែលមកពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ហើយកំពុងតែឈរចាំនៅក្រោមស្ពានជ្រោយចង្វារ ពេលដែលជនរងគ្រោះបានទៅដល់ក្រោមស្ពានជ្រោយចង្វារ ក៏បានឌុបប្រពន្ធរបស់ខ្លួន គោលបំណងទៅផ្ទះនៅឯសង្កាត់ចោមចៅ ដោយដំណើរតាមបណ្តោយផ្លូវលេខ៧០ ខណៈពេលជិះដល់ចំណុចផ្លូវរថភ្លើង ក៏ស្ទះចរាចរតែម្តង ។ ភ្លាមៗនោះ ស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ បានជិះមកជិត រួចធ្វើសកម្មភាពឆក់យកកាបូបពីដៃប្រពន្ធរបស់គាត់បានសម្រេច ក្រោយមកជនរងគ្រោះបានដេញតាមក្រុមចោរឆក់ទាំងនោះ តែដេញមិនទាន់ ហើយជនរងគ្រោះទាំង ០២នាក់ប្តីប្រពន្ធ បានស្គាល់មុខសង្ស័យទាំងនោះហើយ រួចក៏បានឌុបប្រពន្ធទៅផ្ទះវិញ ។
លុះដល់វេលាម៉ោង ១០ព្រឹកថ្ងៃទី១២ ខែឆ្នាំដដែល ជនរងគ្រោះទាំង ០២នាក់ប្តីប្រពន្ធ បានជិះម៉ូតូមកចំណុចផ្លូវរថភ្លើង ដែលក្រុមចោរទាំងនោះធ្វើសកម្មភាពឆក់កាបូបកាលពីយប់ ហើយបានដើររកនៅទីនោះ ស្រាប់តែបានប្រទះ ឃើញជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ទើបស្រែកឆោឡោឡើងថា ចោរៗ បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបាននាំគ្នាធ្វើការដេញតាម ខណៈពេលនោះ ក៏ត្រូវបានជួបជាមួយនឹងកម្លាំងសមត្ថកិច្ចល្បាតរបស់ប៉ុស្តិ៍ទួលសង្កែ បានជួយអន្តរាគមន៍ចាប់បានភ្លាមៗ ហើយក៏នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។ ចំណែក ជនរងគ្រោះទាំង ០២នាក់ប្តីប្រពន្ធ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចអនុវត្តតាមច្បាប់។
បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពថា ខ្លួននិងបក្សពួកចំនួន ០២នាក់ទៀត ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីខាងលើពិតប្រាកដមែន ដោយឈ្មោះ ហៅ (កែវ) ភេទប្រុស ប្រហែលអាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (បានរត់គេចខ្លួន) និងបក្សពួកម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការ ចាត់ការតាមនីតិវិធីច្បាប់ ៕
https://youtu.be/9PHn9CcQGfM
មតិយោបល់