ព័ត៌មានជាតិ

ក្រឡាប់រម៉កត្រាក់ទ័រ សង្កត់បុរសម្នាក់ស្លាប់ និងស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ក្នុងស្រុកសំឡូត

បាត់ដំបងៈ រម៉កត្រាក់ទ័រមួយគ្រឿងដឹកកម្មករប្រហែល២០នាក់ បើកលឿនខ្វះការប្រុងប្រយត្ន័ ក្រឡាប់ធ្លាក់ពីផ្លូវ សង្កត់​មនុស្ស២នាក់ប្តីប្រពន្ធ បណ្តាលឲ្យបុរសជាប្តីស្លាប់យ៉ាងអាណោចអាធ័ម ចំណែកស្ត្រីជាប្រពន្ធរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅ​ចំណុចវាលម្ជុល ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ មានឈ្មោះ ឡោ ពូន ភេទស្រីជាប្រពន្ធរងរបួសធ្ងន់ និងបុរសជាប្តីមានឈ្មោះ ណុយ ភេទប្រុស អាយុ៤៧ឆ្នាំ ស្លាប់បាត់បង់ជីវិត អ្នកទាំង២​ស្នាក់នៅក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកអ្នកបើកបរ រត់គេចខ្លួនបាត់ស្រមោល ។

យោងតាមប្រភព័ត៌មានពីរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រម៉កត្រាក់ទ័រខាងលើនេះ បើកបរដោយបុរសម្នាក់ឈ្មោះ គឹម ទិត្យ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិដង្កោទៀប ឃុំទួលតាឯក ស្រុកបាត់ដំបង ក្រុងបាត់ដំបង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងដីចំការឈ្មោះជា សៀកហុង ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត បានបើកដឹកកម្មករប្រហែលជា ២០នាក់ ចេញពីរោងចំការ ក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុច​កើ​ត​ហេតុ ស្រាប់តែរម៉កត្រាក់ទ័រខាងលើនេះ បានក្រឡាប់ធ្លាក់ពីលើដងផ្លូវសង្កត់ទៅលើជនរងគ្រោះទាំង២នាក់ប្រពន្ធ បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ចំណែកបុរសជាប្តីស្លាប់នៅនឹងកន្លែង រីឯកម្មករផ្សេងទៀតរងរបួស​ស្រាល ចំណែកអ្នកបើកបរក្រោយពីឃើញពីសភាពរបស់ជនរងគ្រោះទាំង២នាក់រួចមក ក៏ភ័យខ្លួនប្រញាប់ដាក់មេប្រូច បាត់តែម្តង ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបានអន្តរាគមន៍ហៅរថយន្តសង្គ្រោះ មកដឹកស្ត្រីរងគ្រោះ​យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែកសាកសពបុរសជាប្តី ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរម៉កត្រាក់ទ័រខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

ក្រឡាប់ត្រាក់ទ័រ ក្រឡាប់ត្រាក់ទ័រ ក្រឡាប់ត្រាក់ទ័រ ក្រឡាប់ត្រាក់ទ័រ

មតិយោបល់