បើមិនចេញពីមាត់សាមីខ្លួនដោយផ្ទាល់ គេពិតជាមិនដឹងនោះទេ ថាពិធីករលោក ជា វិបុល មានតម្លៃខ្លួនខ្ពស់ដល់ម្លឹង គ្រាន់តែថតផ្សាយ និងធ្វើជាតំណាងផលិតផលប៉ុណ្ណឹង។ លោកថា បើក្នុងមួយឆ្នាំមិនទទួលបានតម្លៃចាប់ពីមួយមុឺន ទៅជាង៣មុឺនដុល្លារនោះទេ គឺលោកមិនទទួលធ្វើជាតំណាងផលិតផលណាមួយនោះទេ បើទោះជាការងារនេះ តម្រូវអោយលោកត្រឹមថតផ្សព្វផ្សាយ និងឈរឃោសនាមួយពេលៗ ក្នុងរយៈពេល១២ខែ ដែលកុងត្រានោះ។
លោក ជា វិបុល ថ្លែងក្នុងពិធីឃោសនាផលិតផលស្ព្រៃយ៍បាញ់សក់ ម៉ាក V Hair Spray ដែលលោកទើបតែកុងត្រា ធ្វើជាអ្នកតំណាងផ្ដាច់មុខ កាលពីថ្ងៃទី១០ មីនា នៅផ្សារទំនើបអុីអន១ ថា នេះមិនមែនជាលើកទី១នោះទេ ដែលលោកសម្រេចចិត្តកុងត្រា ធ្វើជាតំណាងផលិតផ្ដាច់មុខ។ លោកថាខ្លួនមិនសូវទទួលធ្វើជាតំណាងផ្ដាច់មុខ អោយផលិតផលណាមួយនោះទេ ជាពិសេសប្រសិនបើតម្លៃខ្លួនទាបជាងអ្វីដែលលោកចង់បាន។
លោកបដិសេធបង្ហើបអោយដឹងពីតម្លៃខ្លួន ក្នុងការទទួលធ្វើជាតំណាងអោយផលិតផលស្រ្ពៃយ៍បាញ់សក់ម៉ាក V Hair Spray ដោយគ្រាន់តែអះអាងខ្ពស់ជាង១មុឺនដុល្លារ ក្នុងមួយឆ្នាំ ខណៈដែលផលិតផលខ្លះ លោកទារបានដល់១ឆ្នាំជាង៣មុឺនដុល្លារ។ លោកថាខ្លួនបានកុងត្រា ជាមួយស្ព្រៃយ៍ គឺតែរយៈពេល១ឆ្នាំ ដោយក្នុងនោះសកម្មភាពថតរូបហ្វិក ថតស្ពត និងចុះផ្សព្វផ្សាយដល់ទីតាំង ក៏ស្ថិតនៅក្នុងការកំណត់ផងដែរ គឺមិនរាល់សកម្មភាពមានចងដោយកុងត្រា។ លោកថាក្នុងនាមជាតំណាង តម្លៃក្នុងមួយឆ្នាំ គឺខុសៗគ្នា ដោយក្នុងតម្លៃជាង៣មុឺន មានសកម្មភាពច្រើន តែតម្លៃ១មុឺន ឬជាង១មុឺន គឺគ្រាន់តែថតរូបហ្វិក ថតផ្សាយតិចតួច និងចុះឃោសនាតាមការព្រមព្រៀង។ ក្នុងនោះសូម្បីតែការទទួលធ្វើជាតំណាងផលិតផល នីមួយក៏លុះត្រាតែជាផលិតផលមានស្ដង់ដារ ឬ មានគុណភាពផងដែរ ដោយមិនគ្រាន់តែមានការទាក់ទង ហើយមិនបានសិក្សាពីផលិតផល រួចក៏ធ្វើជាតំណាងឡើយ។
លោក ជា វិបុល បញ្ជាក់ថា មុនឈានដល់ការកុងត្រាលោក បានសាកល្បងជាមួយផលិតផលនេះ មិនក្រោម២ខែនោះទេ ហើយបណ្ដាលមកពីមើលឃើញគុណភាពដូចអ្វីដែលបានផ្សព្វផ្សាយ ទើបលោកជាប់ចិត្ត ហើយទទួលធ្វើជាតំណាងផ្ដាច់មុខ។
លោក ទឹម សុវណ្ណារ៉ា អ្នកនាំចូលផ្ដាច់មុខ V Hair Spray បានអះអាង ដោយសារតែលោកយល់ថា ប្រភេទស្ព្រៃយ៍បាញ់សក់ងាយស្រួល ក្នុងការស្វែងរកទីផ្សារច្រើនជាង ទើបលោកមិនខ្វល់លើមុខទំនិញផ្សេងៗ។ លោកថា នេះជាផលិតផលស្ដង់អុីតាលី ដែលមានប្រភេទវីតាមីន និងខូឡូជិន មកវិនិយោគនៅកម្ពុជា។ ក្នុងនោះហេតុផល នៃការជ្រើសយកលោក ជា វិបុល អោយធ្វើជាតំណាង ក៏ដោយសារតែពិធីកររូបនេះ មានប្រជាប្រិយភាពខ្លាំង ហើយលោកមានសកម្មភាពឡើងឆាកជាប្រចាំ ដែលត្រូវការជំនួយកុំអោយសក់ខូច។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសលោក ជា វិបុល ជាអ្នកតំណាងនោះ គេឃើញតារាល្បីៗចូលរួមជាភ្ញៀវកិត្តិយស ច្រើនគួរសម ខណៈដែលតម្លៃខ្លួនរបស់អ្នកតំណាងរូបនេះ នៅពេលមានការទម្លាយចេញពីសាមីខ្លួន សុទ្ធតែធ្វើអោយម្នាក់ៗលាន់មាត់៕
មតិយោបល់