ភ្នំពេញៈ បុរសជាកម្មកររោងចក្រម្នាក់ បានព្យាយាមខំបើកម៉ូតូទាំងស្រវឹង ក៏ជ្រុលទៅបុកម៉ូតូមន្រ្តីឥណទាន ដែលបើកបញ្ច្រាស់ទិស បណ្តាលឲ្យដួលប្រកាច់ពេញថ្នល់ ក៏ត្រូវមិត្តភក្តិហៅរថយន្តសង្រ្គោះឲ្យជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ តែគ្រាន់ទៅដល់មន្ទីរពេទ្យភ្លាម យុវជនរូបនោះដឹងខ្លួនងើបរត់ បង្កឲ្យភ្ញាក់ផ្អើលពេញមន្ទីរពេទ្យ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនជាកម្មកររោងចក្រខាងលើនោះ ឈ្មោះក្នុងកាតការងារ ថាស់ ថា តែឈ្មោះនៅក្នុង សៀវភៅបញ្ជីជាតិ ហាស់ ថា អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ លាន អុិ មានស្រុកកំណើត ភូមិត្រពាំងរំដេញ ឃុំអង្គបាស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ជិះមូ៉តូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D-1011 ។ ចំណែកភាគីមូ៉តូម្ខាងទៀត ម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគីរី 1C-2949 ជិះដោយមន្រ្តីឥណទាន មិនស្គាល់អត្តសញ្ញាណ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូ សេរី២០១១ ជិះដោយកម្មកររោងចក្រម្នាក់ ស្រវឹងស្រា ជោគខ្លួន បើកម៉ូតូពីលិចទៅកើត តាមផ្លូវបេតុងក្នុងភូមិ លុះដល់ចំណុចកើតហេតុ រេចង្កូតទៅបុកជាមួយម៉ូតូ មន្រ្តីឥណទានជិះបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យដួល បិទភ្នែក រមួលចុកប្រកាច់ពេញលើថ្នល់ ហើយត្រូវបានមិត្តភ័ក្រ ហៅរថយន្តសង្រ្គោះឲ្យជួយដឹកបញ្ជូនទីមន្ទីរពេទ្យព្រះកុសុមៈ ហាក់បីដូចជាមនុស្សរបួសសន្លប់ ដោយសារជាតិស្រវឹងពេញខ្លួន លុះបញ្ជូនដល់មន្ទីរពេទ្យ គ្រាន់តែបើកភ្នែកឡើង ឃើញគ្រូពេទ្យ ឈរច្រូងច្រាង បែរជាជនរងគ្រោះស្ទុះងើបរត់ សុំត្រឡប់ទៅវិញ ខ្លួនគ្រាន់តែស្រវឹងទេ ផ្អើលពេញមន្ទីរពេទ្យ៕
ព័ត៌មានជាតិ
មតិយោបល់