ថៃ: មុខសញ្ញាសង្ស័យ ចំនួន ១០នាក់ ដែលក្នុងនោះ មានជនជាតិថៃ ចំនួន ៨នាក់
និងជនជាតិខ្មែរ ចំនួន ០២នាក់ ត្រូវបានកម្លាំងអភិរក្ស យោធាថៃ ឃាត់ខ្លួន ដើម្បីយកទៅសាកសួរ បន្ទាប់ពីពួកគេទាំង ១០នាក់ បាននាំគ្នាលបលួចចូលកាប់ឈើគ្រញូង ក្នុងតំបន់
ខ្ពង់រាប ឧទ្យានជាតិ ដែលជាតំបន់ហាមឃាត់ ក្នុងខេត្តប្រាជីនបូរី។
តាមប្រភពផ្ទៃក្នុងប្រទេសថៃ បានរាយការណ៍មកថា កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅក្នុងតំបន់ឧទ្យានជាតិ ស្ថិតនៅត្រង់ចំនុចបរិវេណ ព្រៃហ៊ួយខ្លងណងកែវ
ស្ថិតក្នុងស្រុកប្រាក់ចាន់ខាម ខេត្តប្រាជីនបូរី ប្រទេសថៃ គឺមានជនសង្ស័យមួយក្រុម ដែលបានលបចូលទៅក្នុងតំបន់ឧទ្យានជាតិ ដែលជាតំបន់អភិរក្សព្រៃឈើ គ្រប់ប្រភេទ។ បន្ទាប់ពីសង្គេតឃើញ នូវភាពមិនប្រក្រតីនេះភ្លាម លោក ត្រកូល កាតអារញ្ញ នាយក
គ្រប់គ្រងតំបន់ឧទ្យានជាតិ បានបញ្ជាទៅ កម្លាំងយោធាអភិរក្ស ធ្វើការរុករក និងឡោមព័ទ្ធ
ព្រមទាំងបានឃាត់ខ្លួន ជនសង្ស័យ ចំនួន ១០នាក់ ដែលក្រុមនេះ កំពុងធ្វើសកម្មភាព លួចកាប់ឈើគ្រញូង។
គួរបញ្ជាក់ដែរថា ការរុករកឈើគ្រញូងក្នុងតំបន់នេះ គឺត្រូវចំណាយពេលជិះរថយន្ត
ពីក្រោមទីទំនាប ដើម្បីឡើងទៅលើតំបន់ខ្ពង់រាប ដែលមានចម្ងាយ ប្រមាណជាង ៦គីឡូម៉ែត្រ
និងត្រូវបន្តដោយថ្មើជើង ប្រមាណជាង ៦គីឡូម៉ែត្រទៀត ទើបដល់កណ្តាលតំបន់នេះ ដោយមានដើមឈើធំ គ្រប់ប្រភេទ។
ការឃាត់ខ្លួននោះ គេសង្គេតឃើញថា ជនសង្ស័យទាំង ១០នាក់ គឺមានជនជាតិថៃ ចំនួន
៨នាក់ និងជនជាតិខ្មែរ ចំនួន ០២នាក់ ដែលមានឈ្មោះ យ៉ា សេង ភេទ ប្រុស អាយុ ៣៣ឆ្នាំ និងឈ្មោះ តុង មឿន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ដូចគ្នា គឺនៅពេលនោះដែរ កម្លាំងយោធា បានដកហូត នូវប្រភេទឈើគ្រញូង ដែលពួកគេកាត់រួច ចំនួន ០២កំណាត់ធំៗ រួមទាំងសម្ភារៈ សម្រាប់ធ្វើសកម្មភាព និងស្បៀងអាហារ សម្រាប់ហូបចុក ពេលស្នាក់នៅផង។
ជនសង្ស័យទាំងនេះ បានសារភាពថា ការដែលពួកគេចូលមកកាប់ឈើគ្រញូងនេះ គឺដោយសារតែមានការជួល ពីសំណាក់មេឈ្មួញឈើដ៏ធំមួយ ដោយបានកំណត់ឱ្យតម្លៃខ្លួនពួកគេ ក្នុងម្នាក់ៗ ចំនួន ១៥,០០០បាត (លុយថៃ) ក្រោយពីបានធ្វើសកម្មភាព កាត់ឈើគ្រញូង ទាំងនេះបាន និងបានទំលាក់ទៅដល់ជើងភ្នំ ដោយគ្រាន់តែចូលមកដំបូង គេឱ្យម្នាក់ ២,០០០បាត សិន ដើម្បីយកមកធ្វើសោហ៊ុយ ពេលសម្រេច គឺអាចបើកលុយ បានទាំងអស់។
លុះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង០៤ និង៣០នាទីល្ងាច នៅត្រង់
ចំនុច ក្នុងព្រៃភាគខាងត្បូង ក្នុងភូមិខាត់ណា ឃុំតាទុំ ស្រុកសាំងខាក់ ខេត្តសុរិន គឺសមត្ថកិច្ចថៃ បានធ្វើការឃាត់ខ្លួនស្ត្រី ដែលជាជនជាតិខ្មែរ ចំនួន ០២នាក់ ដែលបានលប
ចូលទៅកាប់ឈើគ្រញូង ក្នុងតំបន់នោះ ដែលស្ត្រីទាំង ០២នាក់ មានឈ្មោះ ដន ណយ
អាយុ ៥០ឆ្នាំ និងឈ្មោះ នួន សែន អាយុ ៣៣ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិដងទង់ ឃុំដងទង់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ ដោយសមត្ថកិច្ចថៃ បានដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ឈើគ្រញូងចំនួន១០៦ដុំ ស្មើនឹង ០,៨៥៥ម៉ែត្រគូប រណាចំនួន ៧ដើម ពូថៅ ចំនួន ២ដើម ចបចំនួន ២ដើម និងគោមភ្លើង សម្រាប់បំភ្លឺ ចំនួន ១ ទៀតផង។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ជាមុខសញ្ញា ត្រូវបានភាគីថៃ រៀបចំបញ្ជូនទៅកាន់ អង្គភាព
ជំនាញ ដើម្បីធ្វើការសាកសួរ ទៅតាមនិតិវិធីនៃច្បាប់៕
មតិយោបល់