ព័ត៌មានជាតិ

ករណីជនសង្ស័យឆក់កាបូបពីស្ត្រីម្នាក់ ជាបុគ្គលិកផ្សាររតនៈផ្លាហ្សា មិនរំខានដល់លោកមេប៉ុស្តិ៍អូរបែកក្អមទេ…

ភ្នំពេញៈ កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩ ត្រង់ចំណុចមុខបុរីអ៊រគីដេ តាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ធ្វើឲ្យជនរងគ្រោះ សោកស្ដាយ ហើយអង្គុយយំ។

ជនរងគ្រោះឈ្មោះ រស្មី ភេទស្រី អាយុ ២៤ ឆ្នាំ ធ្វើការនៅផ្សាររតនៈផ្លាហ្សា ស្នាក់នៅម្ដុំស្ពានដែកចំការដូង។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ បានជិះម៉ូតូ១គ្រឿង ម៉ាកអាយខុន ពណ៌សលាយទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1BL-9005 ធ្វើដំណើរចេញពីកន្លែងធ្វើការ បំណងត្រលប់ទៅកន្លែងស្នាក់នៅ ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២ នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ មិនចាំស្លាកលេខ បានជិះវ៉ាគាត់មកខាងស្តាំដៃ ហើយក៏ធ្វើសកម្មភាពឆក់កាបូបគាត់ បានសម្រេច បណ្ដាលឲ្យគាត់ដួលម៉ូតូ រងរបួសជើងម្ខាង។

ភ្លាមៗនោះ ជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចនោះទេ។

សម្ភារៈបាត់បង់ក្នុងកាបូប៖
-អត្តសញ្ញាណប័ណ្ណ១ សន្លឹក
-កាតATMមួយសន្លឹក
-លុយខ្មែរជាង ១០ ម៉ឺនរៀល
-ទូរស័ព្ទដៃ ២ គ្រឿង មួយគ្រឿងម៉ាក iphone 7 និងមួយគ្រឿងទៀតម៉ាក huawei។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចនាំខ្លួនជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ សំណូមពរទៅលោកមេប៉ុស្តិ៍ ជួយពង្រឹងការពួនល្បាតបន្ថែម ក្នុងមូលដ្ឋានជាប្រចាំ កុំបណ្ដែតបណ្ដោយឲ្យមានចោរឆក់លួចបែបនេះទៀត មេត្តាឲ្យពលរដ្ឋរស់នៅមានភាពកក់ក្ដៅផង៕

មតិយោបល់