កណ្ដាលៈ សត្វព្រៃចម្រុះជិត៤០០គីឡូក្រាម កាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានកម្លាំងគយ និងរដ្ឋាករជ្រៃធំ ធ្វើការបង្ក្រាបបាននៅក្នុងភូមិលេខ៥ ឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្ដាល។
បើតាមមន្រ្តីគយ និងរដ្ឋាករជ្រៃធំបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មានការចរាចរសត្វព្រៃដោយឈ្មួញហើយនោះ នៅយប់មិញនេះ កម្លាំងសមត្ថកិច្ច និងគយបានសហការចុះបង្ក្រាបបានជាក់ស្ដែងចំនួន៣៦៧គីឡូក្រាម ។
មន្រ្តីគយបញ្ជាក់ថា ក្រោយការត្រួតពិនិត្យ និងថ្លឹងគីឡូរួចរាល់ សត្វព្រៃទាំងនេះ ត្រូវបានប្រគល់ទៅឲ្យក្រុមអភិរក្សសត្វព្រៃ ដើម្បីយកទៅប្រលែង ឬក៏យកទៅដាក់ក្នុងសួនសត្វ។ ទោះជាយ៉ាងណា ករណីនេះអាជ្ញាធរមានសមត្ថកិច្ចមិនបានឃាត់ខ្លួនឈ្មួញនោះទេ ពោលគឺឈ្មួញរត់គេចខ្លួនបាត់ ក្រោយពេលឃើញសមត្ថកិច្ចច្រោងច្រាង។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមួយចំនួនបានបង្ហើបថា នៅក្នុងទឹកដីខេត្តកណ្ដាលមានសត្វព្រៃជាច្រើន នៅតែបន្តចរាចរ និងលួចលាក់យកទៅលក់ ឬក៏ដាក់តាំងលក់ក្នុងហាងមួយចំនួន ប៉ុន្តែចំណុចនេះ ហាក់មិនទាន់មានការបង្ក្រាបនៅឡើយ៕
មតិយោបល់