ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវនគរបាលព្រហ្មទណ្ឌ ខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួន ព្រមទាំងបាន ដកហូតថ្នាំញៀន ៣កញ្ចប់ និងម៉ូតូ មួយគ្រឿង កាលពីវេលាម៉ោង ១និង៣០នាទីយប់ រំលងអធ្រាតថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៥ ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ តេលា ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
បើតាមសេចក្ដីរាយការណ៍របស់ លោក ឌិន សារ៉ាតុម អធិការរង ទទួលផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា នៅមុនយប់ថ្ងៃទី១៥ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ បានធ្វើការជិះល្បាត នៅក្នុងភូមិសាស្ត្រ លុះពេលជិះដល់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ តេលា ដែលស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៥ ក៏បានប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក និច ស៊េរី២០១៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CD-3578 ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ច យើងបានធ្វើការ ឃាត់សួរនាំ និងឆែកឆេររកឃើញ ម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៣កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយកម្លាំងយើងបាន នាំយកមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។
លោក ឌិន សារ៉ាតុម បានបន្តទៀតថា ជនសង្ស័យ ២នាក់ ដែលកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួន ទី១ មានឈ្មោះ គង់ ទី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិស្រែកក់ ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី២ មានឈ្មោះ កែវ វណ្ណៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិវាល់វង់ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងដកហូតម៉ូតូ មួយគ្រឿង ។
បើតាមការឆ្លើយសារភាព របស់ជនសង្ស័យទាំង ២នាក់ខាងលើ បាននិយាយថា ពួកគេទាំង ២នាក់ បានទិញថ្នាំញៀននៅម្តុំផ្សារតាប៊ុន ស្ថិតនៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយពួកគេទិញ ក្នុងមួយកញ្ចប់តម្លៃ ១៥០០០រៀលទៅដល់ ២៥០០០រៀល ដើម្បីយកទៅប្រើប្រាស់ ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
https://www.youtube.com/watch?v=40FJ9Qi5sTc&feature=youtu.be
មតិយោបល់