ព្រះវិហារៈ មនុស្ស៨នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ និងរងរបួស ដោយសារគ្រោះថ្នាកចរាចរណ៍កាលពីវេលាម៉ោង៩នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ទល់មុខវត្តត្រពាំងសង្កែខេមរៈសែនជ័យ នៅភូមិត្រពាំងសង្កែខាងកើត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បន្ទាប់ពីរថយន្ត២គ្រឿងបានបុកគ្នា។
សមត្ថកិច្ចបានប្រាប់មកថា ក្នុងចំណោមមនុស្ស៨នាក់ មាន៥នាក់បានបាត់បង់ជីវិត ដោយ៣នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ហើយ២នាក់ស្លាប់នៅមន្ទីរពេទ្យ និង៣នាក់ផ្សេងទៀតស្ថិតក្នុងការសង្គ្រោះបន្ទាន់ ។
បើតាមអធិការស្រុកជាំក្សាន្តលោក ដាំ យ៉ិន បានដកស្រង់សម្ដីសាក្សីថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្ត២គ្រឿងបើកបញ្ច្រាសទិសគ្នា បន្ទាប់មកក៏បុកគ្នា ដោយរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ ២z-១០០៧ និងរថយន្តមួយគ្រឿងទៀតម៉ាក តូយូតា ពាក់ស្លាកលេខ ភ្នំពេញ 2z-៤៦១០។
លោកអធិការដដែលបានប្រាប់ទៀតថា អ្នកដែលបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ទី១.ឈ្មោះ ចន វិបុល ភេទប្រុស អាយុ៤២ឆ្នាំ ទី២ឈ្មោះ កុយ គឹមសាន ភេទស្រី អាយុ៣៩ឆ្នាំ ទី៣.ឈ្មោះ ណិត ផាយ៉ា ភេទស្រី អាយុ១ឆ្នាំ និង៥នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណទេ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦ មករាខេត្តព្រះវិហារស្លាប់២នាក់។ គិតត្រឹមថ្ងៃទី១៦ កញ្ញានេះ សមត្ថកិច្ចបាននឹងកំពុងរង់ចាំសាច់ញាតិទៅទទួលសាកសពយកមកធ្វើបុណ្យ ដោយឡែករថយន្ត២គ្រឿងដែលបុកគ្នានោះ ត្រូវអូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានគេចាត់ទុកថា ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍ ដូចនេះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបង្ការទប់ស្កាត់កុំឲ្យគ្រោះថ្នាក់កើតឡើង ព្រមទាំងអាយុជីវិត៕
https://youtu.be/jMfi1kd3Pps
មតិយោបល់