ព័ត៌មានជាតិ

រថយន្ត Toyota Prius ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់២កង់ រួចតៃកុងចុះគេចខ្លួនទុករថយន្តចោល

ភ្នំពេញៈ រថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ព្រូស បានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់ចំនួន២កង់ ឯរថយន្តបង្កបានដាច់កាឡែកង់មុខទៅលេងរួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាក តូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-9329 បានធ្វើដំណើរតាមផ្លូវលេខ២៧១ ពីជើងទៅត្បូង ក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន២កង់ ចំណែករថយន្តបានដាច់កាឡែកង់មុខផ្នែកខាងស្ដាំទៅមុខលែងរួច ។

ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានចុះគេចខ្លួនបាត់ ដោយបន្សល់រថយន្តទុកឲ្យសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់