កំពង់ធំៈ ស្ថានការក្ដៅគគុកនៅខេត្តកំពង់ធំបានផ្ទុះឡើងទាំងព្រឹក ខណៈដែលសមត្ថកិច្ចចម្រុះដឹកនាំដោយព្រះរាជអាជ្ញារងមួយរូបចុះអនុវត្តសាលដីការបស់តុលាការកំពូល ពេលនោះហើយ មនុស្ស២នាក់ត្រូវបានគេចាប់ខ្លួន ដាក់ខ្នោះដៃ បន្ទាប់ពីរារាំងចំណាត់ការទាំងនេះ ។
កម្លាំងចម្រុះជាង១០០នាក់ ដឹកនាំដោយ លោក សាយ ណូរា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បានចុះអនុវត្តសេចក្តីសម្រេចរបស់តុលាការកំពូល ដោយរុះរើផ្ទះ១ខ្នង របស់លោក ស៊ុយ ស៊ីម ដែលជាភាគីចាញក្តីជាមួយនិងបងប្អូនជីដូនមួយ ឈ្មោះ ហួត យី ដែលជាអ្នកឈ្នះក្តី រស់នៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីប្រគល់ផ្ទះជូនភាគីដើមបណ្តឹង។
កាអនុវត្តសាលដីកាសម្រេចរបស់តុលាការកំពូលនេះ សមត្ថកិច្ចបានឃាត់ខ្លួន និងចាប់ដាក់ខ្នោះ បុរស២នាក់ ពីបទរារាំងសមត្ថកិច្ច ក្នុងពេលអនុវត្តតួនាទី ក្នុងនោះម្នាក់ឈ្មោះ ស៊ុយ ស៊ីម អាយុ៥០ឆ្នាំ ជាម្ចាស់ផ្ទះ និងម្នាក់ទៀតឈ្មោះ សោម សឿន ត្រូវជាសាច់ញាតិរស់នៅភូមិជាមួយគ្នា បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
នៅក្នុងហេតុការណ៍នោះ គេសង្កេតឃើញ លោក កែ សុវណ្ណរដ្ឋ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប រួមទាំងក្រុមកាងាររបស់គណបក្សសង្គោះជាតិ បានមកទីតាំង អនុវត្តដីកាសេចក្តីសម្រេចរបស់តុលាការ ដើម្បីសុំអន្តរាគមន៍ តែត្រូវព្រះរាជអាជ្ញារង សាយ ណូរ៉ា ប្រាប់ថា សុំឲ្យក្រុមការងាររបស់គណបក្សសង្រ្គោះជាតិដកខ្លួនថយសិន ព្រោះនេះជាការអនុវត្តន៍ដីកា ពោលមិនពាក់ព័ន្ធនិង គណបក្សនោះទេ និយាយជារួម គឺជារឿងបុគ្គលរបស់ភាគី ដើមបណ្តឹង និងចុងបណ្តឹង ដែលមានក្តីក្តាំនិងគ្នាតាំងពីឆ្នាំ២០០៧ មកម្លេះ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំរូបនេះបានបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលតុលាការបានអនុវត្តសាលដីកាសាលក្រមសម្រេចរបស់តុលាការកំពូល តែមិនបានសម្រេច ដោយសារតែមានការយោគយល់ និងសុំឲ្យចុងបណ្តឹង ដែលជាអ្នកចាញ់ក្តីរុះរើផ្ទះដោយខ្លួនឯង តែកន្លងមកម្ចាស់ផ្ទះចេះតែរឹងទទឹង មិនតែប៉ុណ្ណោះថែមទាំងគៀងគរ បក្ខពួកឲ្យមកបង្កអុកឡុកក្នុងពេលសមត្ថកិច្ចអនុវត្តដីកាម្តងៗ ទើបធ្វើឲ្យមិនបានសម្រេច។
លោក សាយ ណូរ៉ា បានបញ្ជាក់ទៀតថា កាលពីជាង១០ឆ្នាំមុន លោកយាយ ហួត យី មានបងប្អូនបង្កើតម្នាក់ដែលត្រូវជាម្តាយរបស់លោក ស៊ុយ ស៊ីម ភាគីចាញ់ក្តី ពុំមានដីនៅ ក៏បានសុំលោកយាយ ហួត យី នៅត្រឹមតែមួយជីវិតរបស់លោកយាយប៉ុណ្ណោះ ដោយមានលោក ចាន់ ប៉ុក ជាមេឃុំ និងជាអ្នកសរសេរកិច្ចសន្យាច្បាស់លាស់ តែក្រោយពីលោកយាយបានស្លាប់ទៅ ហើយលោកយាយ ហួត យី ក៏បានសុំដីនេះមកវិញ ខណៈពេលដែលក្មួយ (ស៊ុយ ស៊ីម) របស់គាត់កំពុងតែរស់នៅ ពេលនោះហើយក្មួយលោកយាយ ហួត យី មិនព្រមប្រគល់ដីឲ្យម្ចាស់ដើមវិញនោះទេ រហូតសុំសាងសង់ជាកូនខ្ទមតូចមួយ តែក្រោយមកក៏សាងសង់ទៅជាផ្ទះ៥x៧ម៉ែត្រ ហើយមិនព្រមចាកចេញនោះទេ ក្រោយមកទៀតក៏ត្រូវបានលោកយាយ ហួត យី ប្តឹងទៅតុលាការ ចាប់ពីថ្នាក់ខេត្ត តុលាការឧទ្ធរណ៍ និងកំពូល ទើបតុលាការបានកាត់ក្ដីឲ្យលោកយាយឈ្នះ តែអ្វីដែលជារឿងអយុត្តិធម៌នោះ គឺលោកយាយឈ្នះក្តីតាំងពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៦តាំងពីភ្នែកភ្លឺ រហូតមកដល់ភ្នែកងងឹតមើលអ្វីលែងឃើញ ទើបតែបានដីមកវិញនៅថ្ងៃនេះ ដែលមានទំហំដីក្បាល១៥ម៉ែត្របណ្តោយ៣៥ម៉ែត្រ។
ចុងក្រោយលោក សាយ ណូរ៉ា បានបញ្ជាឲ្យក្រុមជាងឡើងរុះរើផ្ទះ និងរោងម៉ាស៊ីន រួមទាំងបង្គន់ហើយឲ្យប្រគល់ឈើឲ្យទៅសាច់ញាតិយកទៅរក្សាទុក និងប្រគល់ដីជូនដើមបណ្តឹងវិញ៕
មតិយោបល់