ព័ត៌មានជាតិ

​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​​២​នាក់​​មក​ស្រុកកំណើតវិញ​

ឧត្តរមានជ័យៈ ប្រជាពលរដ្ឋខ្មែរ២នាក់ ឆ្លងដែនខុសច្បាប់ ទៅកាប់ឈើក្រញូង ត្រូវបានអាជា្ញធរថៃចាប់ឃុំខ្លួន អស់មួយរយៈ ទើបដោះលែងមកស្រុកកំណើតវិញ តាមច្រកអន្តរជាតិជាំសាង៉ាំ ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ។

សមត្ថកិច្ចនគរបាលការពារព្រំដែនគោកលេខ៩០៥ បានឲ្យដឹងថា ពលរដ្ឋខ្មែរ២នាក់ត្រូវបានអាជា្ញធរថៃ បញ្ជូនមកតាមច្រកអន្តរជាតិជាំសាង៉ាំ មូលហេតុឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ កាប់ឈើក្រញូង ហើយត្រូវក្រុមទាហានថៃ ចាប់ឃាត់ខ្លួននោះ ១.ឈ្មោះ សាំង ប្រូច ភេទប្រុស អាយុ១៩ឆ្នាំ- ទី២.ឈ្មោះ នេត យូង ភេទប្រុស អាយុ៣១ឆ្នាំ នាក់ទាំង២រស់នៅភូមិថ្កូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបន្ដថា ពលរដ្ឋខ្មែរទាំងពីរនាក់នេះ ជាប់គុកនៅខេត្តស៊ីសាកេត ចាប់ខ្លួននៅថ្ងៃទី១០-០៥-២០១៥ ពីបទលួចឆ្លងដែនទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ ចូលតាមច្រកភូមិសាស្ត្រក្បាលអូរស្វាយ ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

បច្ចុប្បន្នសមត្ថកិច្ច ច្រកអន្តរជាតិជាំសាង៉ាំ បានធ្វើការអប់រំ ហើយបានឲ្យវិលទៅជួបជុំក្រុមគ្រួសារវិញ៕

khmer-2

មតិយោបល់