កំពង់ឆ្នាំងៈ បុរសម្នាក់បានចុះទឹកទៅមើលបងដែលកំពុងនៅខាងក្រោមស្ពាន ស្រាប់តែអាការៈជំងឺរើឡើង ប្រកាច់ចូលទឹក បណ្តាលឲ្យលង់ស្លាប់ នៅក្រោមស្ពាន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្ពានអូរកណ្តោល ភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ .
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈួន ឆុន អាយុ៣៦ឆ្នាំ ស្នាក់ក្នុងនៅក្នុងភូមិឃុំខាងលើ ។
សមត្ថកិច្ចបានបន្ដទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ អ្នកភូមិជាមិត្តភក្កិ២ទៅ៣នាក់ បាននាំគ្នាទៅបង់សំណាញ់ នៅឆ្ងាយពីកន្លែងកើតហេតុ ពេលកំពុងបង់សំណាញ់នោះ ជនរងគ្រោះបានប្រាប់មិត្តភក្កិ ដែលនៅបង់សំណាញ់ជាមួយគ្នាថា ទៅមើលបងក្រោម ស្ពានមួយភ្លែត ហើយក៏ទុកសំណាញ់ចោល នៅកន្លែងបង់សំណាញ់ នោះ រួចក៏ទៅមើលបងបាត់ទៅ។ ស្រាប់តែមួយសន្ទុះក្រោយមក បែជាបាត់មិនឃើញត្រឡប់មកវិញ ទើបមិត្តភក្កិមានការងឿងឆ្ងល់ ក៏នាំគ្នា ទៅមើលនៅក្រោមស្ពាន ស្រាប់តែឃើញជើងជនរងគ្រោះអណ្ដែតទឹក ទើបនាំគ្នាចុះទៅស្រង់ ទើបដឹងថា ជនរងគ្រោះ បានលង់ទឹកដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ប្រជាពលរដ្ឋនៅក្នុងភូមិនិងក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺតេតាណូស ហើយឧស្សាហ៍ប្រកាច់ណាស់ ហើយការស្លាប់នេះ គេសង្ស័យថា ពេលចុះទឹកជំងឺនេះបានធ្វើទុក ទើបបណ្តាលឲ្យប្រកាច់លង់ទឹកស្លាប់តែម្តង ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនិង នគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យ ចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយបច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់