កណ្តាលៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង បើកការស្រាវជ្រាវឈានទៅដល់ការចាប់ឃាត់ខ្លួន ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ដកហូតបានថ្នាំញៀន១កញ្ចប់ធំ ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលចាប់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ថៃ ប៊ុនធល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក។ និងជនសង្ស័យទី២ឈ្មោះ ឡឹក ម៉េងហ៑ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែកដូចគ្នា ។ អ្នកទាំពីរនាក់ស្នាក់នៅក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ ,ម៉ូតូចំនួន១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម គ្មានពាក់ស្លាកលេខ រួមនិងឧបកណ៍សម្រាប់វិចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
ប្រភពដដែលបានបន្តថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចបានបើកការស្រាវជ្រាវ ក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែរកឃើញគ្រឿងញៀនចំនួន០១កញ្ចប់ធំ ទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ខ្លួន យកមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះថៃ ប៊ុនធល បានសារភាពថា ខ្លួនបានទិញថ្នាំញៀនប្រភេទម៉ាទឹកកកពីចំណុចម្តុំពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ក្នុងតម្លែ១០ម៉ឺនរៀល រួចហើយបានយកគ្រឿងញៀនខាងលើមកជួញដូរ ដោយជិះម៉ូតូជាមួយឈ្មោះឡឹក ម៉េងហ៊នៅចំណុចភូមិកណ្តាលឃុំក្រាំងយ៉ូវស្រុកស្អាងហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
លុះនៅថ្ងែដដែល លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលបានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យខាងលើនិងធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះរបស់ឈ្មោះ ថៃ ប៊ុនធលដើម្បីស្វែងរកវត្ថុតាង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ហើយជាលទ្ធផលសមត្ថកិច្ចបានប្រទះឃើញវត្ថុតាងសម្រាប់វេចខ្ចប់និងប្រើប្រាប់គ្រឿងញៀនមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់