(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាជាប់ជានិច្ច ក្នុងការបន្តអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ទៅលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីចិន និងរុស្ស៊ីអំពាវនាវឱ្យដកទណ្ឌកម្មចេញពីទីក្រុងព្យុងយ៉ាង។
ការលើកឡើងរបស់លោក Ned Price ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយលោកបន្ថែមទៀតថាក្រៅពីការប្រកាសអំពី គោលជំហរឥតងាករេរបស់ខ្លួន សហរដ្ឋអាមេរិកក៏ជំរុញសមាជិកអង្គការសហប្រជាជាតិ (UN) ឯទៀតៗ ឲ្យធ្វើដូចគ្នានេះផងដែរ ដើម្បីទប់ស្កាត់ប្រទេសកូរ៉េខាងជើង មិនឲ្យមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោក។
ចិន និងរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ដោយរំលឹកឡើងវិញនូវចេតនា កាលពីឆ្នាំ២០១៩ ដើម្បីដកបម្រាមលើការនាំចេញទំនិញជា រូបចម្លាក់ អាហារសមុទ្រ និងវាយនភណ្ឌរបស់កូរ៉េខាងជើង ហើយឈានទៅអនុញ្ញាតការនាំចូលប្រេង ទៅកាន់កូរ៉េខាងជើង៕
ប្រភព៖ Reuters
មតិយោបល់