ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួន ពីបទប្រើប្រាស់នូវអាវុធខុសច្បាប់។ ការចាប់ខ្លួននេះបាន ធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចក្នុងភោជនីយដ្ឋានបឹងសុបិន ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ រៀម ជឿន (ហៅតាអិដ្ឋ) ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមិនពិតប្រាក ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ព្រមទាំងបានដកហូតអាវុធខ្លីមួយដើមម៉ាក រ៉ូឡូ ពណ៌ស គ្មានគ្រាប់ រួមនិងសម្លៀកបំពាក់យោធា។
កងរាជអាវុធហត្ថបានបន្តឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៩យប់ មានប្រជាពលរដ្ឋម្នាក់ បានចូលទៅផឹកស៊ីក្នុងភោជនីយដ្ឋានបឹងសុបិន បានទូរស័ព្ទទៅរាយការណ៍ប្រាប់សមត្ថកិច្ចថា មានបុរសម្នាក់បានដកកាំភ្លើងខ្លី មួយដើម ម៉ាក រ៉ូឡូ យកមកគំរាមភ្ញៀវក្នុងហាង ហើយបានស្រែកឡូឡា ដោយប្រមាថដល់ថ្នាក់ដឹកនាំប្រទេសកំពូលៗរបស់យើង។ ក្រោយមកពីបានទទួលដំណឹងរួចមក កម្លាំងជំនាញស៊ីវិល សហការជាមួយនឹងក្រុមល្បាតបានចុះទៅដល់កន្លែងកើតហេតុ ហើយព្រមទាំងបានធ្វើការឃាត់ខ្លួន និងដកហូតអាវុធខ្លី បញ្ជូនទៅកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធក្រុង កំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់