ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាសជំហរគាំទ្រយ៉ាងពេញទំហឹងលើគម្រោងវិនិយោគសាងសង់រោងចក្រថាមពលអគ្គិសនី ដែលបានមកពីការដុតកាកសំណល់នៅក្នុងរាជធានីភ្នំពេញនិងខេត្តសៀមរាបរបស់ក្រុមហ៊ុន Quadran International នៃសាធារណរដ្ឋបារាំង និងដៃគូរវិនិយោគក្រុមហ៊ុន Shanghai SUS Environment Co.Ltd. ដែលគ្រោងនិងវិនិយោគនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រការជំហរគាំទ្របែបនេះក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Quadran International នៃសាធារណរដ្ឋបារាំង និង ដៃគូរវិនិយោគក្រុមហ៊ុន Shanghai SUS Environment Co.Ltd.ដឹកនាំដោយ លោកJean-Phillipe HENRY និងលោកស្រី Cindy Li ស្តីពី វឌ្ឍនភាពការងារនៃគំរោងវិនិយោគសាងសង់រោងចក្រស្ថានីយថាមពលអគ្គីសនី ដែលបានមកពីការដុតកាកសំណល់ នៅរាជធានីភ្នំពេញ (Waste Power Plant) និងស្ថានីយថាមពលអគ្គីសនីដើរដោយថាមពលព្រះអាទិត្យនៅសៀមរាប កាលពីថ្ងៃទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ។
ក្នុងនាមក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាតលោករដ្ឋមន្រ្តី ថោង ខុន បានជម្រាបជូនពីសារៈសំខាន់នៃគោលនយោបាយ នៃការអភិវឌ្ឍបៃតងនៅកម្ពុជា ប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍បៃតង និងស្អាត ដើម្បីឈានឆ្ពោះទៅសម្រេចបានជោគជ័យរបស់ទីក្រុងទេសចរណ៍បេក្ខភាពនានារបស់កម្ពុជា នៅក្នុងការប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅឆ្នាំ២០១៨។
លោកបានសម្តែងនូវក្តីរីករាយចំពោះការជឿជាក់គាំទ្រនិងវិនិយោគរបស់ក្រុមហ៊ុន Quadran និងដៃគូរ ហើយក្រសូងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត បានគូសបញ្ជាក់ពីជំហរគាំទ្រយ៉ាងពេញទំហឹងលើគំរោងវិនិយោគដ៏មានសារៈសំខាន់នេះនៅកម្ពុជា។ ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តីដ៏បានស្នើក្រុមហ៊ុនយកចិត្តទុកដាក់ បន្តធ្វើការជាមួយបណ្តាក្រសួងស្ថាប័នបច្ចេកទេសពាក់ព័ន្ធ អាជ្ញាធរដែនដី រួមមានសាលារាជធានីភ្នំពេញ និងសាលាខេត្តសៀមរាប ដើម្បីសម្រេចបាននូវប្រសិទ្ធភាពរបស់គំរោងនាពេលអនាគតខាងមុខដ៏ខ្លី។
គួរជម្រាបផងដែរថា គំរោងវិនិយោគរោងចក្រ (ស្ថានីយ) ថាមពលអគ្គីសនីដែលបានមកពីការដុតកាកសំណល់នៅរាជធានីភ្នំពេញមានអានុភាពតម្លើង៣០មេហ្គាវ៉ាត់ ដែលមានទុនវិនិយោគ ប្រមាណ១៥០លានអឺរ៉ូ និងរោងចក្រ(ស្ថានីយ)ថាមពលអគ្គីសនីដើរដោយថាមពលព្រះអាទិត្យ ក្នុងខេត្តសៀមរាបមានអានុភាពតម្លើង៥៥មេហ្គាវ៉ាត់ ដែលគ្រោងបោះទុនវិនិយោគប្រមាណ ៨០លានអឺរ៉ូ៕
មតិយោបល់