ភ្នំពេញៈ ខណៈដែលជម្លោះរវាងតារាចម្រៀងកញ្ញាសុខ ពិសី និងកញ្ញា លី អ៊ីវ៉ាធីណា ត្រូវគេកត់សម្គាល់ថាបានក្លាយជារឿងរសើបចង់ផ្ទុះបណ្ដាញហ្វេសប៊ុក ជម្លោះរបស់អ្នកទាំងពីរក៏បង្កឲ្យលោក គន់ រៀមរតនៈ ជាតារាសម្ដែងក្រម៉ិចក្រម៉ើមម្នាក់ និងជាអ្នកកាន់ហិបដើររៃអង្គាសថវិកាក្នុងក្រុម«គ្រួសារតារាកម្ពុជា»កាលពីថ្ងៃទី១៧ កញ្ញា នៅន័រតុនទាំងភ្លៀង ឆេះដុំពេញទំហឹង។ លោកបានបញ្ចេញកំហឹង បន្ទាប់ពីមានម្ចាស់គណនីម្នាក់ បានយកជម្លោះរបស់កញ្ញាសុខ ពិសី និងលី អ៊ីវ៉ាធីណា ដោយភ្ជាប់នឹងពាក្យដៀលថាតារាសិល្បៈមិនគិតរឿងល្អដូចជាធ្វើកម្មវិធីសប្បុរសធម៌ ប៉ុន្តែប៉ិន ខាំគ្នាដូចឆ្កែ។
បន្ទាប់ពីម្ចាស់គណនីឈ្មោះ Moeurn Mao (ម៉ៅ មឿន) បានយករូបសុខ ពិសី និងលី អ៊ីវ៉ាធីណា មកបង្ហោះអមដោយឃ្លាថា«ពួកតារាអស់នេះវាស៊ីឆ្អែត មានលុយចាយហូរហៀរទំនេរឥតការងារធ្វើខាំគ្នាដូចឆ្កែ។ គួរយកពេលទំនេរនិងលុយដែលខ្លួនសល់ពីចាយខ្លះធ្វើអំណោយទានសប្បុរសធម៌ផងទៅ»បានធ្វើតារាសិល្បៈភាគផ្ទុះអារម្មណ៍ឆេះដុំពេញបន្ទុក។ តារាភាគច្រើនបានហៅការវាយតម្លៃរបស់ម្ចាស់សំណេរម្នាក់នេះថាជាជនអគតិ និងមិនចេះបើកភ្នែកមើល ជាពិសេសពាក់ព័ន្ធនឹងរឿងតារារួមគ្នាធ្វើល្អ ដោយរួមទាំងសុខ ពិសី ដែលម្ចាស់សំណេរនោះដៀលផង។ លោកគន់ រៀមរតនៈ គឺជាតារាម្នាក់ក្លាហានជាងគេក្នុងការតវ៉ាលើករណីនេះ។ លោកថាបុគ្គលឈ្មោះ Moeurn Mao គួរតែរៀនទទួលស្គាល់នូវពាក្យសម្ដីដែលគ្មានការទទួលខុសត្រូវរបស់ខ្លួន និងថានោះជាភាសាមាក់ងាយ ដែលសូម្បីតែលោកដែលជាតារាមិនទាន់ល្បីម្នាក់ក៏មិនអាចទទួលបាន។
លោកបានថ្លែងក្នុងគ្រុប«គ្រួសារតារាកម្ពុជា»ថា ពាក្យថាតារាគិតតែខាំគ្នាដូចឆ្កែ និងថាមិនខំធ្វើរឿងសប្បុរសធម៌ ឬខំធ្វើបុណ្យ មិនខុសពីមើលងាយថា តារាអត់ចេះក្រៅពីរឿងឈ្លោះគ្នា និងធ្វើអាក្រក់ដាក់គ្នានោះទេ។ លោកថាបើទោះជាសំដៅដល់សុខ ពិសី និងលី អ៊ីវ៉ាធីណាតែ២នាក់ ក៏សម្ដីដែលបានលើកឡើងជារឿងមិនខុសពីមនុស្សអត់បើកភ្នែកមើលសង្គមនោះដែរ ដោយសារតែមុនជម្លោះគឺកាលពីថ្ងៃទី១៧ កញ្ញា តារាចម្រៀង សុខ ពិសី បានស្ម័គ្រច្រៀងទាំងកណ្ដាលភ្លៀងដោយអត់យកកម្រៃដើម្បីជួយរៃអង្គាសថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកថាជារឿងអយុត្តិធម៌ ដែលឈ្មោះ Mouern Mao គ្រាន់តែជម្លោះរបស់តារា២នាក់បែរជាប្រើពាក្យអគិតមិនសមជាអ្នកចេះដឹង ហើយចោទទាំង ងងើលថា តារាៗមិនគិតរឿងធ្វើអ្វីដើម្បីប្រយោជន៍ ហើយប្រដូចថាតារាពូកែខាំគ្នាដូចឆ្កែ ដោយគ្រាន់តែផ្អែករឿងជម្លោះប៉ុណ្ណឹង។ លោកថានៅក្នុងសង្គម មិនមែនចេះឈ្លោះគ្នាតែរង្វង់តារានោះទេ គឺមនុស្សជំពូកណាក៏ឈ្លោះគ្នាដែរ ហើយមនុស្សជំពូកខុសពីតារាលោកថាប្រទះរឿងកាច់កុងគ្នា និងឈ្លោះគ្នាច្រើនជាងអ្នកសិល្បៈនោះផង ដោយគ្រាន់តែជម្លោះទាំងនោះមិនមានរឿងភ្ញាក់ផ្អើលប៉ុណ្ណោះ។
លោកគន់ រៀមរតនៈ បានសួរបញ្ច្រាសមកវិញថា «រាល់ពេលតារានៅច្រៀងទាំងភ្លៀង និងរួមគ្នាកាន់ហិបរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តើអ្នកដៀលម្នាក់នោះ លោកមានភ្នែក និងមានខួរក្បាលមើលឃើញឬទេ?»។ លោកបន្តដោយកំហឹងថា បើតារាត្រូវបានម្ចាស់គណនីនោះប្រដូចថាឆ្កែ ទាំងតារាភាគច្រើនបូករួមនិងសុខ ពីសី ផង ទើបនឹងបានចេញច្រៀងជួយសង្គម តើម្ចាស់គណនីឈ្មោះ ម៉ៅ មឿន បានធ្វើអ្វីខ្លះដែរដើម្បីសង្គមជារួម។
បន្ថែមពីលើការឆេះដុំចំពោះឈ្មោះ Moeurn Mao លោកគន់ រៀមរតនៈ បានទទូចឲ្យតារាសិល្បៈបញ្ចប់រឿងទម្លាយរឿងអន់ចិត្តគ្នាជាសាធារណៈ ជាពិសេសក្នុងពេលដែលសុខ ពិសី និងលី អ៊ីវ៉ាធីណា ស្ថិតក្នុងការឡើងកំដៅដោយសារតែហ្វេនៗពង្រីកៗបញ្ហា ហើយអ្នកនាង ចន ច័ន្ទលក្ខិណា និងកញ្ញ ស្រីពៅមុខឈើ ក៏ត្រូវតារាហែរហមបង្ហោះសំណេរធ្វើឲ្យមានការដឹងឮថាអ្នកទាំងពីរក៏មិនត្រូវគ្នាដែរនោះ។
នេះជាលើកទី១ ដែលតារាសម្ដែងភេទទី៣ លោកគន់ រៀមរតនៈ ជាសមាជិកម្នាក់ក្នុងក្រុម«គ្រួសារតារាកម្ពុជា» បានបញ្ចេញប្រតិកម្មតបតទៅកាន់អ្នកមាក់ងាយតារាសិល្បៈ ដែលលោកយល់ថាភាសាមួយនោះ គឺជាប៉ះពាល់ដល់តម្លៃសិល្បៈជារួម។ លោកថាតារាកាន់តែច្រើនបានស្គាល់ពីតម្លៃសង្គមក្នុងការរួមគ្នា ដូច្នេះវាមិនត្រូវនោះទេ ចំពោះពាក្យថាតារាមិនចេះធ្វើអ្វីដើម្បីសង្គមនោះ។ លោកថាជម្លោះរវាងសុខ ពិសី និងលី អ៊ីវ៉ាធីណា បើគ្មានការពង្រីកបន្ថែមពីអ្នកគាំទ្ររៀងខ្លួនក៏មិនមានរឿងអីធ្ងន់ធ្ងរដូចអ្វីដែលបានឃើញនោះដែរ៕
មតិយោបល់