ភ្នំពេញៈ ក្មេងទំនើងក្រុមបានជិះម៉ូតូដេញវាយតប់គ្នា រហូតបណ្តាលឲ្យដួលម៉ូតូពេញផ្លូវ បង្ករភាពអាណាធិបតេយ្យតាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ៣ កំពុងល្បាតឃើញធ្វើការចាប់ឃាត់ខ្លួន យកមកធ្វើការសាកសួរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទី យប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចស្តុបសន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ក្មេងទំនើងទាំង២ក្រុមនេះ បានជិះម៉ូតូដេញវាយតប់គ្នាពេញដងផ្លូវ តាំងពីចំណុចស្តុបណានជីង រហូតមកដល់ចំណុចស្តុបសន្ធរម៉ុក មុខហាងនំបុ័ងABC ម៉ូតូទាំង២គ្រឿងក៏ដួលទៅលើដងផ្លូវ ចំណែកក្រុមក្មេងទំនើងទាំងនេះ បានស្ទុះមកដេញវាយគ្នាពេញដងផ្លូវ យ៉ាងអាណាធិបតេយ្យ ស្របពេលកម្លាំងល្បាតប៉ុស្តិ៍ផ្សារដេប៉ូ៣ កំពូងល្បាត ស្រាប់តែក្រុមក្មេងទំនើងដែលអះអាងថាខ្លួនជាជនរងគ្រោះ បានដេញចាប់ឃាត់បានយុវជនម្នាក់ ដែលត្រូវបានក្មេងទំនើងទាំងនោះ អះអាងថាជាក្រុមជនបង្ករ ដែលមកវាយលើខ្លួនមុន ប្រគល់ឲ្យសមត្ថកិច្ច ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ៣ បានសម្រេចធ្វើការឃាត់ខ្លួន យុវជនទាំង២ក្រុមរួមនិងម៉ូតូ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍និងដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
មតិយោបល់