ព័ត៌មានជាតិ

ស្ត្រីម្នាក់ត្រូវបានក្រុមចោរភ្ជង់ប្លន់យកម៉ូតូស៊េរីទំនើបមួយគ្រឿងបានសម្រេច

ភ្នំពេញៈ ស្ត្រីម្នាក់ ជិះម៉ូតូស៊េរីទំនើបមកទទួលប្តីចេញពីធ្វើការ ត្រូវបានក្រុមចោរធ្វើសកម្មភាពគៀរផ្តួល រួចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូពីស្ត្រីរងគ្រោះ​បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង ៣០នាទី យប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចតាម​បណ្តោយផ្លូវលំ ក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានក្រុមចោរធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូទៅបាត់ខាងលើនេះ មានឈ្មោះ តេ ស្រ៊ី ភេទស្រី អាយុប្រហែល៤០ឆ្នាំ ស្នាក់នៅ​ផ្ទះលេខ ៤២៦បេ ផ្លូវលំ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រីម៉ូតូដែលចោរប្លន់យកទៅបានសំរេចនោះ ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-5638 ជាម៉ូតូរបស់កូនស្រីគាត់ឈ្មោះ ពៅ ស្រីនី ភេទស្រីអាយុ២៣ឆ្នាំ មុខរបរធ្វើការរោងចក្រ ។ ចំណែកជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌូក មិនចាំពណ៌និងស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនចាំម៉ាក ។

បើយោងតាមការអះអាងរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានយកម៉ូតូកូនស្រីគាត់ជិះទៅយកប្តី ដោយចេញពីផ្ទះជិះតាមផ្លូវលំ ក្នុងទិសដៅពី​លិចទៅកើត សំដៅទៅផ្លូវជាតិលេខ៥ ។ ពេលជិះបានពាក់កណ្តាលផ្លូវដែលជាចំណុចផ្លូវស្ងាត់ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះតាមពីក្រោយ មកស្រែកឲ្យគាត់​ឈប់តែគាត់មិនឈប់ ពួកវាក៏បានជិះមកកាក់ពីមុខនិងធាក់ផ្តួល រួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក មកភ្ជង់លើជនរងគ្រោះយកម៉ូតូជិះគេចទៅដោយសុវត្ថភាពតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរះទី១ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូដែលបាត់ត្រឡប់មកវិញ ។ ចំណែកសម្ថកិច្ចហាក់ដូច​ជាព្យាយាមលាក់បាំងនិងអ្នកសារព័ត៌មាន ហើយបាននិយាយបង្វៀងថា ករណីខាងលើនេះមិនច្បាស់ថាម៉ូតូជនរងគ្រោះបាត់មែនរឺក៏យ៉ាងណាទេ រង់ចាំស្រាវជ្រាវបន្ត ៕

ប្លន់ម៉ូតូ ប្លន់ម៉ូតូប្លន់ម៉ូតូប្លន់ម៉ូតូ

មតិយោបល់