ភ្នំពេញៈ យោងតាមប្រភពព័ត៌មានពីអាជ្ញាធររាជធានីភ្នំពេញ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ឆ្នាំនេះនឹងប្រព្រឹត្តឡើងជាធម្មតា ។ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសរៀបផែនការរួចជាស្រេច ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានចូលរួមសម្រាន្តឲ្យសប្បាយ រីករាយ មិនបារម្ភពីបញ្ហាសុវត្ថិភាពកើតឡើងក្នុងព្រះរាជពិធីបុណ្យនេះ ។
នេះជាការបញ្ជាក់ពីលោក ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ក្នុងឱកាសដែលលោកចូលរួមកាន់បិណ្ឌនៅវត្តកំសាន្ត ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការរៀបចំផែនការទុកជាមុន នេះមានសារៈសំខាន់ណាស់ដើម្បីបង្កើនកិច្ចសហការគ្នាឲ្យបានម៉ត់ចត់ក្នុងការទប់ស្កាត់និង ឆ្លើយតបបានទាន់ពេលវេលានៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងក្នុងព្រះរាជ ពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែវិច្ឆិកា ខាងមុខនេះ។
លោកអភិបាលរាជធានីភ្នំពេញបានបន្ថែមថា ផែនការសំខាន់ៗដែលបានរៀបចំនោះមានដូចជា ការត្រៀមកម្លាំងប្រដាប់អាវុធការពារសន្តិសុខសណ្តាប់ធ្នាប់ជុំវិញបរិវេណប្រារព្ធពិធី ការគ្រប់គ្រងប្រពន្ធ័ចរាចរណ៍ ការរៀបចំកន្លែងចំណតទូកនិងកន្លែងស្នាក់នៅរបស់ក្រុមកីឡាករ កីឡាការិនីទូកមួង ទូកចែវមកពីតាមបណ្តាខេត្ត ស្តង់លក់ទំនិញ ការតែងលម្អ សោភ័ណភាព ជុំវិញទីក្រុងនិងតំបន់បា្រព្ធពិធីរួមទាំងការរៀបចំកន្លែងសប្បាយភាព។
លោកបានអះអាងថា សម្រាប់ផែនការការពារសន្តិសុខ គឺបានប្រើកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងអង្គរក្ស កម្លាំងក្រសួងមហាផ្ទៃ និងកម្លាំងតាមខណ្ឌទាំង១២ រាយបណ្តាក់គ្នាតាមគោលដៅសំខាន់ៗ ដើម្បីងាយគ្រប់គ្រងស្ថានការណ៍ការ ការពារសណ្តាប់ធ្នាប់ចេញចូលឲ្យបានល្អ។ ជាងនេះទៅទៀត ដើម្បីជៀសវាងនូវហេតុការណ៍គ្រោះថ្នាក់ និងឧប្បទេវហេតុកើតឡើង ដូចជា ចោលួច ឆក់ ប្លន់ ដាក់ថ្នាំ វះហោប៉ៅ បទល្មើសព្រហ្មទណ្ឌ បទល្មើសឧក្រិដ្ឋ ការបង្កចលាចល ផ្សេងៗ ព្រោះភាពចង្អៀតណែននៅតាមតំបន់ សប្បាយមានមនុស្សច្រើនដែលបង្កភាពងាយគ្រោះថ្នាក់។
លោកបានបន្ថែមទៀតថា ការបង្ករឲ្យមានភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅក្នុងព្រះរាជ ពិធីបុណ្យអុំទូកខាងមុខនេះគឺបានបង្ហាញថាកម្ពុជាមានស្ថេរភាពនយោបាយមានសន្តិភាពល្អប្រសើរពុំមានវិបត្តិណាមួយដែលនាំឲ្យជីវភាពសង្គមបាត់បង់ភាពប្រក្រតីនោះទេ។
លោកស្រី គឹម សុវណ្ណា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានបញ្ជាក់ថា ការរៀបចំសន្តិ សុខសណ្តាប់ធ្នាប់និងសោភណ័រាជធានីភ្នំពេញបានស្អាតនៅក្នុងឱកាសព្រះរាជពិធីបុណ្យនេះ គឺមានសារៈសំខាន់ណាស់ដោយមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះទេ ថែម ទាំងបានស្រូបយកភ្ញៀវទេសចរបរទេសបានច្រើនថែមទៀតផង។ លោកស្រីបន្តថា ដើម្បីផ្តល់ ទំនុកចិត្តដល់ភ្ញៀវទេសចរនៅក្នុងព្រះរាជពិធិបុណ្យអុំទូកនេះ មន្ទីរបានជម្រុញដល់គ្រប់ប្រតិ បត្តិទេសចរណ៍ទាំងអស់ឲ្យពង្រឹងសេវាកម្ម និងកញ្ចប់ផលិតផលទេសចរណ៍របស់ខ្លួន ផ្សព្វផ្សាយព័ត៌មានទេសចរណ៍ស្តីពីព្រឹត្តការណ៍ ព្រះរាជពិធីបុណ្យអុំទូក នៅតាមសណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ រួមទាំងជួយសម្អាតទីក្រុងឲ្យកាន់តែមានសោភណ័ភាព។
សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំទៅកម្ពុជាពុំបានរៀបចំព្រឹត្តការណ៍ប្រណាំងទូកង នៅក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអុំបុក សំពះព្រះខែឡើយ ដោយសារតែស្ថានភាពទឹកតូចមិន អំណោយផលដល់ការរៀបចំពិធី ៕




មតិយោបល់