ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេម ត្រៀមសម្ដែងភាពយន្តខ្នាតធំ

ភ្នំពេញៈ យោងតាមការបញ្ជាក់របស់ប្រធានអង្គការ «ខ្ញុំខ្មែរ» ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលី គឺអង្គការនេះនឹងបើកផលិតកម្មភាពយន្តថ្មីមួយ ដើម្បីផលិតរឿងក្នុងបំណងស្វែងរកថវិកាចំណេញជួយដល់កុមារកំព្រា និងទុរគតជននៅក្នុងប្រទេសកម្ពុជា។ ខ្សែរឿងដែលគ្រោងផលិតឡើងដំបូងគេនោះ ត្រូវបានបង្ហើបថាគឺតារាចម្រៀងខេម នឹងធ្វើជាតួឯក ដោយសារតែខេម ត្រូវបានម្ចាស់អង្គការមួយនេះចាត់ទុកជាប្អូនប្រុស។

លោក អេថេន ជានិច្ច ប្រធានអង្គកា រ«ខ្ញុំខ្មែរ» ដែលបានប្រកាសថា នឹងបើកស្ទីឌីយោ និងផលិតកម្មភាពយន្ត បានថ្លែងប្រាប់ Post News ថា មិនយូរទៀតទេ លោកនឹងចំណាយទុនបើកផលិតកម្មចម្រៀង និងភាពយន្ត ដើម្បីលើកស្ទួយដល់តារាចម្រៀងខេមផង និងដើម្បីឲ្យតារាចម្រៀងរូបនេះបានសម្ដែងនៅក្នុងភាពយន្តផង។ លោកថា ផលិតកម្មដែលលោករំលេចឡើងដាច់ខាតត្រូវតែផ្ដល់ជម្រើសសម្រាប់តារាចម្រៀងខេមជាប្អូនធម៌មុនគេ ដោយសារតែពេលកន្លងមកតារារូបនេះ ក៏បានចេញមុខទទួលច្រៀងជួយរៃអង្គាសថវិកាដើម្បីឲ្យអង្គការមានលទ្ធភាពស្វែងរកមូលនិធិជួយដល់ជនក្រីក្រនៅកម្ពុជា។

លោកថាបន្ទាប់ពីលោក និងលោកខេមត្រលប់មកពីប្រទេសអូស្រ្តាលីវិញ លោកនឹងបើកស្ទីឌីយោដើម្បីឲ្យអ្នកក្របានថតសំឡេងដោយឥតគិតថ្លៃ ហើយក្នុងពេលទន្ទឹមគ្នានោះលោកក៏នឹងចំណាយប្រាក់ធ្វើឲ្យចេញនូវផលិតកម្មមួយដើម្បីផលិតភាពយន្តដាក់បញ្ចាំងស្វែងរកផលចំណេញជួយដល់ជនក្រីក្រនោះផង។ លោកថាតារាចម្រៀងខេម អាចសម្ដែងជាតួឯកក្នុងកុនបាន ទើបលោកក្នុងនាមជាប្រធានអង្គការ និងជាម្ចាស់ផលិតកម្ម នឹងស្វែងរកសាច់រឿងឲ្យត្រូវនឹងមុខមាត់របស់លោកខេម។

លោកបានព្រលយពាក្យថា តារាចម្រៀងខេម បើបានសម្ដែងតួឯកគឺនឹងធ្វើឲ្យភាពយន្តដែលបានផលិតឡើងទទួលបានការគាំទ្រ អ៊ីចឹងហើយទើបលោកយល់ថាការបង្កើតផលិតកម្មភាពយន្ត គឺនឹងធ្វើឲ្យតារាចម្រៀងខេមដែលលោកចាត់ទុកថាជាតារាដែលជួយស្វែងរកមូលនិធិមួយដ៏សំខាន់របស់អង្គការទទួលបានឱកាសសម្ដែង ហើយក៏ជួយឲ្យផលិតកម្មដែលលោកគ្រោងបង្កើតមិនពិបាកក្នុងស្វែងរកផលចំណេញដើម្បីជាប្រយោជន៍របស់ជនក្រីក្រនៅកម្ពុជា៕

photo_2016-09-21_22-37-01photo_2016-09-21_22-37-03photo_2016-09-21_22-37-05photo_2016-09-21_22-37-07photo_2016-09-21_22-37-09photo_2016-09-21_22-37-11photo_2016-09-21_22-37-15photo_2016-09-21_22-37-18photo_2016-09-21_22-37-20photo_2016-09-21_22-37-22photo_2016-09-21_22-37-24photo_2016-09-21_22-37-26photo_2016-09-21_22-37-29photo_2016-09-21_22-37-32photo_2016-09-21_22-37-34

មតិយោបល់