ភ្នំពេញៈ រថយន្តដឹកថ្មរបស់ក្រុមហ៊ុនណឹម ម៉េង (N.M.28)មួយគ្រឿងបើកឡើងស្ពានអាកាសក្បាលថ្នល់មិនរួច ក៏រអិលថយក្រោយបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ចំនួន៥កង់រងការខូចខាត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកថ្ម របស់ក្រុមហ៊ុន ណឹមម៉េង ដែលមានលេខសម្គល់លើក្បាលរថយន្ត (N.M.28) អត់ស្លាកលេខ មួយគ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងមនុស្សប្រុសម្នាក់ទៀត បើកបរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ២ ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានបើកឡើងស្ពានអាកាសក្បាលថ្នល់ ប៉ុន្តែទំនងជាធ្ងន់ពេក ទើបឡើងមិនរួច ក៏រអិលថយក្រោយបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវលើស្ពាន បណ្តាលឲ្យបាក់អស់ចំនួន០៥កង់រងការខូចខាត សំណាងល្អនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបណ្ដាលឲ្យនរណាម្នាក់ មានរងរបួសអ្វីនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនិងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយបានស្ទូចយករថយន្តបង្កខាងលើ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់