ព័ត៌មានជាតិ

Update៖ បញ្ជូនមុខសញ្ញាជួញដូរគ្រឿងញៀន៤នាក់ ជាមួយវត្ថុតាងសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន៤០កញ្ចប់មកតុលាការ!

កណ្តាល: នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ កម្លាំងការិយាយល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនមុខសញ្ញាជួញដូរគ្រឿងញៀន៤នាក់ រួមជាមួយវត្ថុតាងសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន៤០កញ្ចប់មកតុលាការ ដើម្បីបន្តចាត់ការនីតិវិធីតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការ។

សូមរំលឹកថា នគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន៤នាក់ រួមជាមួយវត្ថុតាងសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន៤០កញ្ចប់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុច ផ្ទះឈ្មោះ ផុន ភាព ហៅគួយ ភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានពីលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលឃាត់ខ្លួននោះ ទី១ឈ្មោះ យ៉ន ចាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ) ២ឈ្មោះ សែម យឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក នៅភូមិពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ជួញដូរ) ៣ឈ្មោះ មី សុខឃៀ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជួញដូរ) និងទី៤ឈ្មោះ អាន សុហៀង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់)។ វត្ថុតាងចាប់យកបានមាន ម្សៅក្រាមពណ៌សថ្លា ប្រភេទម៉ាទឹកកក(ICE) ចំនួន៤០កញ្ចប់( កញ្ចប់ធំ៤) (មធម្យ១២កញ្ចប់) និង(កញ្ចប់តូច២៤កញ្ចប់) ដែលសង្ស័យជាសារធាតុញៀន ទូរសព្ទ៤គ្រឿង ម៉ាកអិនចុចពិល១គ្រឿង អាយហ្វូនស៊ិចចំនួន១គ្រឿង សាំសុងណូតធូ១គ្រឿង និងម៉ាកចិន១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ និងដាវធ្វើអំពីដែកចំនួន២ ហើយនឹងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

ប្រភពដដែលពីលោកអធិការបានបញ្ជាក់ទៀតថា នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងផ្នែកជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ជនសង្ស័យជាមុខសញ្ញាខាងលើ កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចកើតហេតុ។ បន្ទាប់មកកម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ចុះបង្ក្រាបឃាត់បានជនសង្ស័យ៤នាក់ និងឆែកឆេរបានឃើញវត្ថុតាងថ្នាំញៀននៅនឹងខ្លួនជនសង្ស័យឈ្មោះ យ៉ន ចាន់ឌី ចំនួន៣៦ (២៤កញ្ចប់តូច)(១២កញ្ចប់មធ្យម)
ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការនគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលពីលោកព្រះរាជាអជ្ញាអមសាលាដំបូងខេត្ត ផ្នែកជំនាញ និងប៉ុស្តិ៍ម្កាក់មានការចូលរួមពីលោកមេភូមិ មេឃុំ និងនៅមុខជនសង្ស័យ បានធ្វើការឆែកឆេររកឃើញម្សៅសថ្លាសង្ស័យសារធាតុញៀនចំនួន៤កញ្ចប់ធំ ជញ្ជីងថ្លឹងសារធាតុញៀនចំនួន១ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ចំពោះជនសង្ស័យឈ្មោះ ផុន ភាព (ហៅគួយ) បានរត់គេចខ្លួន៕

មតិយោបល់