ភ្នំពេញៈក្រោយប្រតិបត្តិការស្រាវជ្រាវរបស់សមត្ថកិចចម្រុះ រយៈពេល២សប្ដាហ៍ ពាក់ពន្ធករណីបំផ្ទុះគ្រាប់នៅក្រុងភ្នំពេញ ពេលនេះត្រូវបានបំបែកហើយ។ ជាមួយគ្នានោះសមត្ថកិច្ចក៏បានបង្ហាញមុខក្រុមឧក្រិដ្ឋជន៨នាក់ផងដែរ នាព្រឹកថ្ងៃទី២៣ កញ្ញានេះ នៅក្រសួងមហាផ្ទៃ ក្នុងនោះមានជនជាតិវៀតណាម៣នាក់ ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីបំផ្ទុះគ្រាប់បែកនេះ ជារឿងគំនុំ ប៉ុន្តែពាក់ព័ន្ធនឹងរឿងអ្វីនោះ សមត្ថកិច្ចមិនទាន់បញ្ជាក់បានទេ ព្រោះជារឿងបុគ្គល។ ជនសង្ស័យប្រុសស្រីទាំង៨នាក់ខាងលើ នឹងត្រូវបញ្ជូនទៅតុលាការនៅព្រឹកនេះផងដែរ។
លោកបានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង៨នាក់នេះ ត្រូវសមត្ថកិច្ចដាក់បន្ទុកពីបទប៉ុនប៉ងមនុស្សឃាត និងករណីបាញ់សម្លាប់។
សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណថា ជនសង្ស័យទី១.ឈ្មោះ សាក់ ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (ជនដៃដល់) ទី២ឈ្មោះ សុខ គីមលី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ (មេខ្លោង) ទី៣.ឈ្មោះ ប៊ុន ភក្ដី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (ជនដៃដល់) ទី៤.ឈ្មោះ នី ស័រប៉ិញ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់) ទី៥ឈ្មោះ ចាំង ធឺវ៉េ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម (សមគំនិត) ទី៦ឈ្មោះ ឡេ យាំងយ៉ុង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម (សមគំនិត) ទី៧ឈ្មោះ នូ សំបាន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (សមគំនិត) និងទី៨ឈ្មោះ ប៊ូ សុភាព ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ (សមគំនិត)។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣នេះ ក្រៅពីបង្ហាញមុខជនសង្ស័យទាំង៨នាក់ សមត្ថកិច្ចក៏បានបង្ហាញម៉ូតូ និងកាំភ្លើងផងដែរ មុនពេលសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
គួររំឭកថា នៅវេលាម៉ោង៧និង៤៨នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្នូរសម្លេងគ្រាប់បែកបានផ្ទុះបន្លើឡើង នៅតាមបណ្ដោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ ស្រាល ក្នុងនោះមាន២នាក់ជាជនបរទេស ក្រៅពីនោះ ក៏មានរថយន្ត៤គ្រឿងបានរងការខូចខាតផងដែរ៕
មតិយោបល់