ភ្នំពេញៈ ជាលទ្ធផលចាប់ពីថ្ងៃ០១ កញ្ញា ដល់ថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៦ នេះការចុះឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញសម្រេចបាន ម្រមាណ៣០ម៉ឺននាក់ហើយ ហើយការងារនេះអាចដំណើរទៅបានរលូននិងបញ្ចប់ទៅតាមផែនការ៩០ថ្ងៃដែលបានគ្រោងទុក។
នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលស្រង់ស្ថិតិប្រជាពលរដ្ឋនិងការចុះឈ្មោះបោះឆ្នោត កាលពីរសៀលថ្ងៃទី២២ កញ្ញាឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ក្រោយអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក លុន ឆេងកៃ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ និងមានការចូលរួមពីលោកស្នងការរង អធិការ និងអភិបាលខណ្ឌទាំង១២ ចំណុះឲ្យរដ្ឋបាលរាជធានី។
លោក លុន ឆេងកៃ ក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍លើឡើងថា ចាប់ពីថ្ងៃ០១ កញ្ញា ដល់ថ្ងៃទី២១កញ្ញាឆ្នាំ២០១៦ នេះការចុះឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញសម្រេចបានចំនួន ២៩៥ ១៨៧នាក់ ហើយបើគិតមកដល់ថ្ងៃទី២២ កញ្ញា អាចនឹងឡើងដល់៣០ម៉ឺននាក់។
លោកបន្តថា ក្នុងចំនួន៩៦ សង្កាត់ ឬអាចនិយាយបានថា ៩៦ទីតាំងនៃការចុះឈ្មោះបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញនេះមានភ្នាក់ងារសង្កេតការមកពីគណបក្សចំនួន៣ ក្នុងនោះរួមមានគណបក្សប្រជាជនកម្ពុជា មានភ្នាក់ងារចំនួន៣៥៧នាក់លើ៩៦ទីតាំង គណៈបក្សសង្គ្រោះជាតិមានភ្នាក់ងារចំនួន៤៣៤នាក់លើ៩៥ទីតាំង និងគណបក្សហ្វុនស៊ីប៉ិចចំនួន៤៣នាក់លើ២៧ទីតាំង។ លោកបន្តថា មកដលពេលនេះមានបណ្តឹងចំនួន៩ផងដែរ។ លោកក៏បានបញ្ជាក់ផងដែរថា ការចុះឈ្មោះបោះឆ្នោតនេះ ក្នុងសប្តាហ៍ទី១ និងសប្តាហ៍ទី២ ឃើញប្រជាពលរដ្ឋសម្រុកទៅចុះឈ្មោះបោះឆ្នោតបានច្រើន តែមកដល់សប្តាហ៍ទី៣នេះបែរជាចយចុះទៅវិញ។ ជុំវិញការថយចុះនេះ បើតាមព័ត៌មានដែលលោកទទួលបាននោះគឺដោយសារប្រជាពលរដ្ឋជាច្រើនថា ចាំបញ្ជប់បុណ្យភ្ជំបិណ្ឌ ទើបពួកគាត់ទៅចុះឈ្មោះបោះឆ្នោត។
លោក លុន ឆេងកៃ ក៏បានបញ្ជាក់ផងដែរថា ការចុះឈ្មោះបោះឆ្នោតពិតជាមានបញ្ហាខ្វះខាតជាច្រើន ដែលផ្តើមឡើងពីមន្ត្រីដែលបំរើលើការងារបោះឆ្នោតនេះ ក្នុងនោះមានរហូតដល់ចុះឈ្មោះបោះឆ្នោតឲ្យប្រជាពលរដ្ឋហើយ តែបែរជា មិនបានថតរូបនិងមិនបានថតអត្តសញ្ញាណប័ណ្ណជាដើម។ លោកបន្តថា គ្រាន់តែនៅក្នុងចំការមនតែមួយមានអ្នកចុះឈ្មោះបោះឆ្នោត៤៨នាក់ ដែលមិនបានថតរូប។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា នៅក្នុងរាជធានីភ្នំពេញ បើតាមស្ថិតិមានប្រជាពលរដ្ឋប្រមាណ១លាននាក់ដែលត្រូវទៅចុះឈ្មោះបោះឆ្នោត។ តែមកដល់ពេលនេះ ពោលគឺ២២ថ្ងៃ នៃការចុះឈ្មោះបោះឆ្នោត ជាលទ្ធផលយើងទើបតែបានចំនួនប្រមាណ៣០ម៉ឺននាក់ប៉ុណ្ណោះ ដែលតម្រូវឲ្យមន្ត្រីរបស់យើងត្រូវចលនាប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់រូតរៈទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ ក្រៅពីនេះអាជ្ញាធរដែនដី ពិសេសអភិបាលខណ្ឌត្រូវចុះត្រូវពិនិត្យជាប្រចាំនៅតាមទីស្នាក់ការចុះឈ្មោះបោះឆ្នោតនៅតាមសង្កាត់របស់ខ្លួន ពោលគឺនៅពេលមានបញ្ហាអ្វីមួយយើងអាចដោះស្រាយបានតែម្តង៕
មតិយោបល់