កំពង់ធំៈ ដើម្បីដឹងគុណនូវ គុណនបការៈ ដល់វិញ្ញាណក្ខន្ធអតីតយុទ្ធជនដែលបានពលីជីវិតក្នុងសម័យសង្រ្គាមដើម្បីបុព្វហេតុជាតិ មាតុភូមិរួមចំណែកធ្វើឲ្យប្រទេសជាតិយើងមានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនដូចបច្ចុប្បន្ននេះលោក ឧត្តមសេនីយ៍ត្រី សោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានដឹកនាំសហការីធ្វើពិធីសូត្រមន្ត ប័ង្សកូល និងរាប់បាតឧទ្ទិសកុសលដល់អតីយុទ្ធជននៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅភូមិក្រចាប់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹសែន ខេត្តកំពង់ធំ ។
ពិធីសូត្រមន្តបង្សកូល ត្រូវនិងថ្ងៃបិណ្ឌទី៧ នៃរដូវបុណ្យភ្ជំបិណ្ឌ នៅព្រឹកថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៦នេះ មានការចូលរួមយ៉ាងអធឹកអធ័ម ពីសំណាក់លោកយាយ លោកតា និងកងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ការប្រារព្វពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺក្នុងគោលបំណងរំលឹកគុណដល់យុទ្ធជនដែលបានពលី ក្នុងសម័យសង្រ្គាម ដែលមានចិត្តអង់អាចក្លាហាន ពុះពារឥតស្តាយស្រណោះ ប្រយុទ្ធជាមួយសត្រូវដើម្បី ជាតិមាតុភូមិ ដែលប្រជាជនទូទាំងប្រទេសនៅតែចងចាំដកជាប់ក្នុងបេះដូង ដោយមិនអាចបំភ្លេចបាន។
លោកបានបន្តថា ការប្រារព្វពិធីនេះឡើងមិនត្រឹមតែ ជាការរំលឹកគុណនោះទេ គឺជាការបណ្តុះនូវទំនៀមទំលាប់តាមប្រពៃណីខ្មែរ ដល់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន ឲ្យចង់ចាំនិងបន្តការប្រារព្វ ពិធីរំលឹកគុណទៅពីជំនាន់មួយទៅជំនាន់មួយ ដើម្បីឲ្យក្មេងជំនាន់ក្រោយដឹងពីគុណតម្លៃរបស់យុទ្ធជនដែល បានពលីក្នុងសម័យសង្រ្គាម ។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរលោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តាំផ្ញើរដល់កងកម្លាំង និងប្រជាពលរដ្ឋខ្មែរទាំងអស់ មានការប្រុងប្រយ័ត្ន នូវទ្រព្យសម្បត្តិក្នុងពេលធ្វើបុណ្យតាមវត្តអារាម ជាពិសេសគឺភ្លើងធូបទាននៅតាមផ្ទះសំបែងក្នុងពេលអុជធូកទានប្រារព្វពិធីសែនព្រេន អាចនិងឆាបឆេះបានប្រសិនបើ មានការធ្វេសប្រហែស និងសូមឲ្យជួយការពារទាំងអស់គ្នា៕
មតិយោបល់