ភ្នំពេញៈ មន្ត្រីអ្នកនាំពាក្យឲ្យរដ្ឋាភិបាលរាជធានីភ្នំពេញ លោក ម៉េត ភក្តី បានបញ្ជាក់ឲ្យដឹងថា យោងតាមលិខិតមួយច្បាប់របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ផ្ញើមកសាលារាជធានីភ្នំពេញ ដើម្បីសុំច្បាប់ក្នុងការធ្វើទិវាប្រកាសប្រើរដ្ឋធម្មនុញ្ញនៅថ្ងៃទី២៤ ខែកញ្ញា នេះ អាជ្ញាធររាជធានីមិនជំទាស់ទេ គឺអនុញ្ញាតឲ្យធ្វើនៅទីស្នាក់ការតបតាមការស្នើសុំ។ ប៉ុន្តែត្រូវរក្សាឲ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
យោងតាមលិខិតរបស់គណបក្សសង្គ្រោះជាតិចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ដែលផ្ញើជូនមកសាលារាជធានីភ្នំពេញនេះ គឺគណបក្សសង្គ្រោះជាតិនឹងរៀបចំពិធីអបអរសាទរទិវាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៅថ្ងៃ២៤ ខែកញ្ញា ដោយចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ផ្ទះលេខ៥៧៦ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមការដឹកនាំរបស់លោកប្រធាន សម រង្ស៊ី និងលោក កឹម សុខា ជាអនុប្រធាន ជាមួយប្រជាពលរដ្ឋដែលជាសកម្មជនចំនួនប្រមាណ៥០០នាក់។
ចំពោះការស្នើសុំនេះ ត្រូវបានលោក ម៉េត ភក្តី បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធររាជធានីមិនជំទាស់ទេ គឺអនុញ្ញាតឲ្យធ្វើនៅទីស្នាក់ការតបតាមការស្នើសុំ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធររាជធានីភ្នំពេញ នឹងកោះអញ្ជើញតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ មកប្រជុំពិភាក្សាគ្នានៅសាលារាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាកុំឲ្យទិវាខាងលើនេះប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
លោកបន្តថា ពិធីខាងលើរបស់គណបក្សសង្គ្រោះជាតិ រដ្ឋាភិបាលរាជធានី មិនអនុញ្ញាតិឲ្យយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវមកធ្វើជាចំណតរថយន្តនោះទេ សំដៅធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងចរាចររបស់ប្រជាពលរដ្ឋ៕
មតិយោបល់