ភ្នំពេញៈ រថយន្តដឹកគ្រឿងសំណង់មួយគ្រឿង រងការខូចខាតបាក់បែកខ្ទេចរួញកាប៊ីន តែពុំបង្កឲ្យមានអ្នករងរបួសនោះទេ បន្ទាប់ពីបើកបោះពួយ ហើយវ៉ាជែងរថយន្តខាងមុខ ហើយជ្រុលទៅបុករថយន្តកុងតឺន័របើកច្រាសទិសគ្នា កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត២គ្រឿង មួយគ្រឿងម៉ាក KIA ពណ៌ស ចំណុះ១តោន ពាក់ស្លាកលេខ ភ្នំពេញ 2X-0586 ដឹកគ្រឿងសំណង់ពេញរថយន្ត។ ចំណែករថយន្តមួយគ្រឿងទៀត ប្រភេទកុងតែន័រ ម៉ាកនីសាន់ ពណ៌ខៀវ លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-0464។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េដឹកគ្រឿងសំណង់ពេញ បើកបោះពួយយ៉ាងលឿងពីកើតទៅលិច ដល់ចំណុចខាងលើ បានវ៉ាជែងរថយន្ត ជាបន្តបន្ទាប់នៅខាងមុខ ហើយក៏ជ្រុលទៅបុកជាមួយ រថយន្តកុងតឺន័រ បណ្តាលឲ្យរថយន្តដឹកគ្រឿងសំណង់រងការខូចខាតខ្ទេចរួញកាប៊ីន បែកកញ្ចក់ សំណាងល្អពុំបង្កឲ្យមានអ្នករងរបួស ចំណែករថយន្តកុងតៃន័រ ខ្ទេចមុខខាងឆ្វេង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ វាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិសែនជ័យ រង់ចាំការដោះស្រាយពេលក្រោយ៕
មតិយោបល់