ព័ត៌មានជាតិ

ជប៉ុនផ្តល់ជំនួយ២២០លានយេនដល់កម្មវិធីស្បៀងអាហារពិភពលោក ជួយកុមារក្រីក្រនៅកម្ពុជា

ភ្នំពេញៈ រដ្ឋាភិបាលនៃប្រទេសជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៣ខែកញ្ញានេះ បានធ្វើពិធីចុះហត្ថលេខា ផ្តល់ជំនួយជាទឹកប្រាក់ចំនួន២២០លានយេន ប្រមាណជា២លានដុល្លារអាមេរិក ដល់កម្មវិធីស្បៀងអាហារពិភពលោក នៅក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយលោក គូម៉ាម៉ារូ យូជិ (KUMAMARU yuji) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក Gianpitro Bordignon ប្រធានគម្រោងកម្មវិធីស្បៀងអាហារពិភពលោក និងមានការចូលរួមពីមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត។

បើតាមការឲ្យដឹងពីលោក គូម៉ាម៉ារូ យូជិ ថា ជំនួយជាថវិកាប្រមាណជា២លានដុល្លារនេះ ផ្តោតទៅលើការទិញត្រីខកំប៉ុងចំនួន២៩០តោនដែលផលិតប្រទេសជប៉ុន ដើម្បីផ្គត់ផ្គង់ជាអាហារូបត្ថម្ភដល់កុមារក្រីក្រក្នុងសាលារៀននៅតាមសហគមន៍ជនបទមួយចំនួន ដូចជានៅខេត្ត ពោធិសាត់ បាត់ដំបង ឧត្តរមានជ័យ កំពង់ស្ពឺ ព្រៃវែង កំពង់ធំ សៀមរាប និងគាំទ្រដល់ក្រុមគ្រួសាររបស់ពួកគេ ដើម្បីជម្រុញកូនៗឱ្យបានទៅសាលារៀនគ្រប់ៗគ្នា និងបញ្ជៀសការប្រើប្រាស់កុមារឲ្យធ្វើការងារដោយបោះបង់ការសិក្សា។

លោក Gianpitro Bordignon បានបញ្ជាក់ផងដែរថា “ជំនួយរបស់ប្រទេសជប៉ុនផ្តោតលើគម្រោង២ធំ គឺទី១ផ្តោតលើកកិច្ចសហការជាមួយក្រសួងអប់រំកម្ពុជា ដើម្បីជម្រុញឱ្យមានជាអាហារូបត្ថម្ភ ក៏ដូចជាថវិកាមួយចំនួនឲ្យពួកគេបានរៀនសូត្រ ក្នុងចំណោមកុមារកម្ពុជា និងគម្រោងទី២ ផ្តល់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ជនបទ ពិសេសលើការប្រែប្រួលអាកាសធាតុ ដោយសហការជាមួយអង្គការ NGO ជួយផ្ទាល់និងភ្លាមៗទៅដល់ជនរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេង”។

លោកបន្តថា សម្រាប់ជំនួយចុងក្រោយនៅពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ដល់កម្មវិធីស្បៀងអាហាពិភពលោក ហៅកាត់ថា WFP ប្រមាណជា៧០ប្រទេសនៅជុំវិញពិភពលោក ។ ហើយចំនួយនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់កុមារកម្ពុជា គឺជួយដល់កុមារកម្ពុជាក្រីក្រប្រមាណជា៣៥ម៉ឺននាក់ និងគ្រួសារក្រីក្រជាមធ្យមប្រមាណ៦ម៉ឺនគ្រួសារ ដើម្បីសម្រួលលើអាហារូបត្ថម្ភចំពោះកុមារ និងសម្រួលដល់ជីវភាពក្រុមគ្រួសាររបស់ពួកគេ ហើយជំនួយទាំងនោះមានដូចជាអង្ករ ត្រីខកំប៉ុង ដែលមានប្រួតេអ៊ីនគ្រប់គ្រាន់ដល់ការសិក្សារបស់កុមារទាំងន។

យ៉ាងណាប្រធាន WFP រូបនេះមើលឃើញថា ផ្អែកលើកំណើនសេដ្ឋកិច្ចមានការររីកចំរើនរបស់ប្រទេសកម្ពុជា នៅថ្ងៃអនាគតក្រសួងអប់រំនិងទទួលបានគម្រោងនេះទៅគ្រប់គ្រងដោយផ្ទាល់ ហើយ WFP នៅបន្តជួយជំរុញជាបច្ចេកទេសបន្ថែម ដើម្បីឲ្យក្រសួងមានលទ្ធភាពគ្រប់គ្រង់កម្មវិធីជាតិដោយផ្ទាល់តែម្តង៕

photo_2016-09-23_16-26-19photo_2016-09-23_16-26-14photo_2016-09-23_16-26-16

មតិយោបល់