ព័ត៌មានជាតិ

ស្នៀតចាស់ល្បិចថ្មី! ឆបោកបានសម្រេចតែរត់មិនរួច

សៀមរាប: ស្ត្រីបុរសចំនួន ៣នាក់ត្រូវបាននគរបាលស្រុកវ៉ារិន ចាប់ខ្លួននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោយធ្វើសកម្មភាព ឆបោកយកមាសក្លែងក្លាយ ដូរយកមាសសុទ្ធពីជនរងគ្រោះបានសម្រេច។

ជនសង្ស័យដែលបានឃាត់ខ្លួន៖
១/ឈ្មោះ ជួង សុភាព ហៅ ទូច ភេទប្រុស អាយុ ៤៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
២/ឈ្មោះ ឌីន ចាន់ថុល ហៅម៉ូវភេទស្រី អាយុ ៣៩ឆ្នាំ ប្រពន្ធស្នាក់នៅភូមិឃុំជាមួយគ្នា ពាក់ព័ន្ធករណី ឆបោក(ទំលាក់មាសក្លែងក្លាយ ប្តូរយកមាសពិតពីជនរងគ្រោះ)
៣/ឈ្មោះ អ៊ុយ ណាត ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរមិនពិតប្រកដ មានទីលំនៅបច្ចុប្បន្នភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធបទសមគំនិតអំពើឆបោក។
ជនរងគ្រោះឈ្មោះ អ៊ួន សាលួត ភេទស្រី អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទួលរមៀត ឃុំវ៉ារិនស្រុកវ៉ារិន ខេត្តសៀមរាប។

យោងតាមប្រភពពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ខេត្តសៀមរាប ផែនកណ្តាលនគរបាលព្រហ្មទណ្ឌ ស្នងការខេត្តបានឲ្យដឹងថា នៅវេលាម៉ោង ៩និង៤០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិឬស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ជនរងគ្រោះជាមួយ និងកូនស្រីឈ្មោះ សូរិយា ចាន់ដា អាយុ ១៨ឆ្នាំ បានជិះម៉ូតូរបស់ខ្លួន ឆ្ពោះទៅផ្សារអង្គរជុំ ស្រុកអង្គរជុំ គោលបំណងរបស់គាត់យកប្រាក់ទៅបង់ធនាគារ។ លុះជិះម៉ូតូមកដល់ចំណុចខាងលិចសាលាបឋមសិក្សាឬស្សីតូច ភូមិឬស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ស្រាប់តែឃើញជនសង្ស័យមនុស្សស្រីម្នាក់ពុំស្គាល់ឈ្មោះជិះម៉ូតូវ៉ាជនរងគ្រោះទៅមុនបាត់ ដោយបានឃើញជ្រុះកញ្ចប់ចំនួន១ រុំនិងក្រដាសជូតមាត់ពណ៌ស មានប្រាក់ចំនួន២០០០រៀលរឹតកៅស៊ូកង។ បន្ទាប់មកស្រាប់តែឃើញជនសង្ស័យម្នាក់ទៀតភេទប្រុសជិះម៉ូតូ១គ្រឿងទៀត ពុំស្គាល់ឈ្មោះបានមករើសយកកញ្ចប់នោះ រួចជនរងគ្រោះក៏ជិះម៉ូតូហួសទៅ មនុស្សប្រុសដែលបានរើសនោះក៏ជិះតាមក្រោយ។ មួយសន្ទុះក្រោយមកស្រាប់តែស្ត្រីម្នាក់ដែលបានជ្រុះកញ្ចប់នោះ បានត្រឡប់មកវិញដោយភ័យស្លន់ស្លោ មកសួរជនរងគ្រោះថា មីងៗបានឃើញកញ្ចប់មាសដែលគាត់ជ្រុះមិញដែរឬអត់ ជនរងគ្រោះឆ្លើយថា នោះមនុស្សម្នាក់នោះ(ជនសង្ស័យភេទប្រុស) បានរើសយក តែជនសង្ស័យភេទស្រី ធ្វើជាស្តាប់ពុំបាន បន្ទាប់មកទៀត ជនសង្ស័យភេទស្រី ក៏បានមកសួរជននោះ តែគេបានឆ្លើយថា ពុំបានឃើញឬ រើសបាននោះទេ។ រួចស្រ្តីម្នាក់នោះក៏ជិះម៉ូតូត្រឡប់ទៅក្រោយបាត់ទៅ។ បន្ទាប់មក ជនសង្ស័យភេទប្រុស ក៏យកកញ្ចប់មាសនោះ(មាសក្លែងក្លាយ) បបួលចែកគ្នាជាមួយជនរងគ្រោះ ដោយថាបានឃើញទាំងអស់គ្នារួចបបួលទៅចែកគ្នាក្នុងព្រៃ ខណ:ពេលនោះជនសង្ស័យបាននិយាយថា មីងឯងយកមាសនេះទាំងអស់ទៅ(មាសក្លែងក្លាយ) តែដោះខ្សែកមាសដែលមីងពាក់ឲ្យមកខ្ញុំ ដើម្បីដោះដូរគ្នា។ ភ្លាមនោះជនរងគ្រោះក៏ដោះខ្សែកមាសរបស់ខ្លួនឲ្យជនសង្ស័យ រួចឡើងជិះម៉ូតូរៀងៗខ្លួន ដោយជនរងគ្រោះជិះចេញទៅទិសខាងលិច។ ជនសង្ស័យក៏ជិះទៅទិសកើត។ លុះជនរងគ្រោះចេញបានចម្ងាយប្រហែល២០០ម៉ែត្រ ក៏ភ្ញាក់ខ្លួនថា បានចេញបោកគេហើយ ក៏ប្តឹងរាយការណ៍ដល់សមត្ថកិច្ច។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថា ក្រោយទទួលបណ្តឹងពីរជនរងគ្រោះ បានដាក់កម្លាំងអន្តរាគមន៍ស្ទាក់តាមបណ្តាប៉ុស្តិ៍នីមួយៗ រហូតចាប់បានជនសង្ស័យទាំង៣នាក់ខាងលើ។

ក្រោយសាកសួរជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពឆបោក យកមាសក្លែងក្លាយឆបោកយកខ្សែកមាស ពីរជនរងគ្រោះពិតប្រកដមែន បន្ទាប់មកសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕

មតិយោបល់